(សៀមរាប)៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញប្រគល់ សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតជ័យលាភីចំនួន ១៨៧៥នាក់ នៅសាកលវិទ្យាល័យ សៅស៍អ៊ីសថអយសៀ ខេត្តសៀមរាប នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារ សុខាសៀមរាប។
ពិធីនេះដែរក៏មានការចូលរួមពីលោកបណ្ឌិត សឿន សុវណ្ណ ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សា ភិបាលនៃសាកលវិទ្យាល័យ សៅស៍រីសជីររយសៀ លោក ឃឹម ហ្វីណង់អភិបាលរងខេត្តសៀមរាប និងលោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និង និស្សិតជ័យលាភីចូលរួមផងដែរ។
ឯកឧត្តម ស សុខា សូមចូលរួមអបអរសាទរដល់និស្សិតដែលទទួលបានជ័យលាភីទាំងអស់ ហើយ ការជោគជ័យនូវថ្ងៃនេះជាការចាប់ផ្តើមយកចិត្តទុកដាក់ខ្ពស់ ដោយពង្រឹងសមត្ថភាព ផ្ដល់ឱកាស ស្វែងយល់បន្ថែមអំពីអ្វីទៅក្នុងការពង្រឹង ការសិក្សា និងពង្រឹងវិស័យសង្គមជាតិ តាមរយៈការពង្រឹង សមត្ថភាពរបស់បុគ្គលនីមួយៗ។
ឯកឧត្តម ស សុខា បានបន្តថា ការសិក្សាស្រាវជ្រាវរបស់ក្រសួងអប់រំ យុវជន និងកីឡា បង្ហាញថា ១០០នាក់ដែលរៀនពីថ្នាក់មត្តេយ្យដល់ចប់ថ្នាក់ទី១២ មានចំនួន៥០នាក់ ហើយក្នុងចំណោម៥០ នាក់នេះ បើគិតជា១០០ភាគរយ នៅសល់តែ៥០ភាគរយ ដែលបានរៀនចប់តាមអ្វីដែលយើងចង់ បាន។ នេះហើយជាហានិភ័យខ្ពស់ដែលយើងខំប្រឹងប្រែងពង្រឹងនីតិវិធីនៅក្នុងការបង្រៀន ប៉ុន្តែពេល ខ្លះវាខុសជ្រុងនៃមុំដែលយើងចង់បាន និងលះបង់បន្តបន្ទាប់កាន់តែធំទៅៗ ហើយកត្តាដែលលះបង់ ការសិក្សានេះ មានច្រើនដូចជា កត្តាបុគ្គល កត្តាគ្រួសារជាដើម។
ឯកឧត្តម ស សុខា បានថ្លែងអំណរគុណលោកឪពុកអ្នកម្ដាយ ដែលបានលះបង់ច្រើន ជាពិសេស សុខទុក្ខរបស់ខ្លួន លុយដែលត្រូវចាយទៅកូនទី២ ឬកូនទី៣ តែត្រូវបង្ខំយកមកឲ្យកូនទី១ ឬក៏ជា កូនទោលនៅល្នុងគ្រួសារ និងអរគុណលោកឪពុកអ្នកម្ដាយ ដែលបានបំពេញតាមចំណង់ចំណូល ចិត្តដែលកូនចង់។ កន្លងមកនេះ នៅឆ្នាំ២០២០ អត្រាអ្នកដែលលះបង់ការសិក្សាដោយសារការ ងារមានរហូតទៅដល់ជិត ៤២ភាគរយ ដោយសារថវិកា និងចំណូលផ្ទាល់ខ្លួន ហើយឪពុកម្ដាយ ដើរតួសំខាន់ណាស់ក្នុងកិច្ចការនេះ ហើយនៅក្នុងឆ្នាំ២០២២នេះ ធ្លាក់មកនៅសល់៣២ភាគរយ នេះបញ្ជាក់ថា ឪពុកម្ដាយដើរតួនាទីសំខាន់ណាស់ក្នុងការសិក្សារបស់កូនៗ។
លោកបណ្ឌិត សឿន សុវណ្ណ បានថ្លែងថា ដោយសារមានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល និង ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតឱ្យវិស័យអប់រំឯកជនចូលរួមអភិវឌ្ឍប្រទេសជាតិតាមរយៈការអភិវឌ្ឍធនធាន មនុស្ស។
សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយ ត្រូវបានបង្កើត ឡើងនៅឆ្នាំ២០០៦ មានការទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជាតាមអនុក្រឹត្យលេខ៦៣ អនក្រ.បក ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៦ ដើម្បីបណ្តុះបណ្តាលកម្មវិធីអប់រំថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សំដៅអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាព និងមានឥរិយាបថល្អឆ្លើយតបទៅនឹងទីផ្សារការងារជាតិ និងអន្តរជាតិ ដែលពួកគេអាចធ្វើការងារ ព្រមទាំងរស់នៅក្នុងយុគសម័យសាកលភាវូបនីយកម្ម និងសង្គមពុទ្ធិ។
លោកបណ្ឌិត បានបញ្ជាក់ថា ដើម្បីលើកកម្ពស់គុណភាពអប់រំឱ្យឆ្លើយតបទៅនឹងផែនការយុទ្ធ សាស្រ្តរបស់ក្រសួងអប់រំ យុវជន និងកីឡា យុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀបាន កំណត់នូវចក្ខុវិស័យ និងបេសកកម្មច្បាស់លាស់ ព្រមទាំងបានបង្កើតផែនការយុទ្ធសាស្ត្រឆ្នាំ ២០០៦-២០១០ ផែនការយុទ្ធសាស្ត្រឆ្នាំ២០១០-២០១៤ ផែនការយុទ្ធសាស្ត្រឆ្នាំ២០១៥-២០១៩ និងផែនការយុទ្ធសាស្ត្រឆ្នាំ២០១៩-២០២៤ ដើម្បីបណ្ដុះបណ្ដាលកម្មវិធីអប់រំថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សំដៅចូលរួមអភិវឌ្ឍប្រទេសជាតិ។
ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់របស់គណៈគ្រប់គ្រង បុគ្គលិក និងសាស្ត្រាចារ្យក្នុងការអនុវត្តផែន ការយុទ្ធសាស្រ្តរបស់សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀបានប្រែក្លាយសាកលវិទ្យាល័យឱ្យមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានការទទួលស្គាល់ និងគាំទ្រពី អ្នកសិក្សា ស្ថាប័នជាតិ និងអន្តរជាតិ ព្រមទាំងទទួលបានសមិទ្ធផលចម្បងៗជាច្រើនផងដែរ៕