ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសន្និសីទជនមានពិការភាព​ប្រចាំតំបន់អាស៊ីប៉ា ស៊ីហ្វិកលើកទី៥

 (ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានអញ្ជើញជាអធិបតីបើកសន្និសីទជនមាន​ពិការ​ភាព​ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៥ ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើង​នៅ​សណ្ឋាគារសុខាភ្នំពេញ។

សន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវបានប្រារព្ធឡើង​ចំនួន៤លើករួចមកហើយ ដែលលើកទី១ នៅប្រទេសថៃ ក្នុងឆ្នាំ ២០០៩, លើកទី២ នៅប្រទេសហ្វីលីពីនក្នុងឆ្នាំ២០១២, លើកទី៣ នៅប្រទេស ជប៉ុន ក្នុងឆ្នាំ២០១៥ និងលើកទី៤ នៅប្រទេសម៉ុងហ្គោលីក្នុងឆ្នាំ២០១៩ ដែល​កាលនោះ សន្និសីទ បានឯកភាពសម្រេចស្នើសុំកម្ពុជា​ធ្វើជាម្ចាស់ផ្ទះរៀបចំ​សន្និ​សីទលើកទី ៥នេះ ដោយមានកិច្ចសហការរួមគ្នា ជាមួយបណ្តាញការងារស្តារ​លទ្ធ​ភាពពលកម្មអាស៊ីប៉ាស៊ីហ្វិក។

សន្និសីទនេះនឹងធ្វើការជជែកពិភាក្សាលម្អិតអំពីបញ្ហាប្រឈម និងកាលានុវត្តភាព​លើវិស័យពិការ ភាព ដែលបានជួបប្រទះកន្លងមក សំដៅដោះស្រាយរួមគ្នា តាម​រយៈការចែករំលែកបទពិសោធន៍ ល្អៗ របស់វាគ្មិនមកពីបណ្តាប្រទេសនានា សំដៅ​កសាងផែនការអនាគតមួយប្រកបដោយទំនុកចិត្ត និងមាននិរន្តរភាព។

សន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី៥ ស្តីពីការ​អភិវឌ្ឍ​សហគមន៍តាម បែបបរិយាបន្ន ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ការពង្រឹងការផ្តល់ភាពអង់អាចផ្នែកសង្គមនិង សេដ្ឋកិច្ចរបស់ជនមានពិការភាព ក្នុងអំឡុងនិងក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ តាមរយៈការ អភិវឌ្ឍតាមបែបបរិយាបន្ននៅសហគមន៍»។

សន្និសីទនេះមានគោលបំណង ជំរុញការធ្វើបរិយាបន្នសេដ្ឋកិច្ចរបស់ជនមានពិការភាពនៅក្នុងតំបន់, លើកកម្ពស់សុខុមាលភាពសង្គមនិងកិច្ចគាំពារសង្គមសម្រាប់ជនមានពិការភាព, ពង្រឹងកិច្ចសហ ប្រតិបត្តិការនិងភាពជាដៃគូ គ្រប់ភាគីពាក់ព័ន្ធសំដៅបង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍ នៅតាមសហ គមន៍តាមបែបបរិយាបន្ន, ចែករំលែកបទពិសោធន៍ល្អៗ សក្ខីភាព និងនវានុវត្តន៍ក្នុងការអភិវឌ្ឍសហ គមន៍តាមបែបបរិយាបន្ន ក្នុងអំឡុងពេលនិងក្រោយពេលការរាតត្បាតនៃជំងឺកូវីដ-១៩។

សន្និសីទនេះ មានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃពុធ ទី១៥ រហូតដល់ថ្ងៃសុក្រ ទី១៧ ខែមីនា។ អង្គសន្និសីទនេះ មានអ្នកចូលរួមប្រមាណ ៧០០នាក់ ដែលជាឥស្សរជន ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងពាក់ព័ន្ធមកពី តាមក្រសួង ស្ថាប័ននានា។

បន្ទាប់ពីសន្និសីទនេះទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារំពឹងថា សេចក្តីថ្លៃថ្នូរ និងសិទ្ធិរបស់ជនមានពិការភាព នឹងត្រូវបានលើកកម្ពស់ ស្របតាមពាក្យស្លោករបស់គោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពពិភពលោកដែលបានលើកឡើងថា «គ្មាននរណាម្នាក់ត្រូវបានទុក ចោល» តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ល្អៗ សក្ខីភាព និងនវានុវត្តន៍ ពាក់ព័ន្ធនឹងការងារពិកា រភាព។ជាពិសេសនឹងបង្កើតឱកាសទំនាក់ទំនងរវាងជនមានពិការភាពកម្ពុជានិងជនមានពិការភាពនៅក្រៅប្រទេស៕