(កៀវ)៖ យោងតាម ការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែ មីនា ឆ្នាំ២០២៣ ប្រាប់អោយដឹងថា ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា អនាគតរបស់អ៊ុយក្រែនពឹងផ្អែកលើលទ្ធផលនៃការប្រយុទ្ធជាមួយរុស្ស៊ី នៅក្នុងនិងជុំវិញទីក្រុង បាកមូត (Bakhmu) ខណៈភាគីទាំងពីរបង្កើនយុទ្ធនាការរដូវរងា ដើម្បីដណ្តើមយកទីក្រុងតូចមួយ នេះ ហើយតុលាការព្រហ្មទណ្ឌអន្តរជាតិ កំពុងស្វែងរកដីកាចាប់ខ្លួនឧក្រិដ្ឋជនសង្រ្គាម។
មន្រ្តីម្នាក់បានប្រាប់ Reuters ឲ្យដឹងថា តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) កំពុងស្វែងរកការចាប់ ខ្លួនមន្ត្រីរុស្ស៉ី សម្រាប់ការបណ្តេញកុមារចេញពីប្រទេសអ៊ុយក្រែន និងការកំណត់គោលដៅ វាយ ប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដោយវានឹងក្លាយជាករណីឧក្រិដ្ឋកម្មសង្គ្រាមអន្តរជាតិលើក ដំបូង ដែលកើតចេញពីការឈ្លានពានរបស់រុស្ស៉ី។ វានៅទាន់មិនច្បាស់ទេថាតើរដ្ឋអាជ្ញា អាចស្វែង រកដីកាប្រឆាំងមន្ត្រីរុស្ស៊ីរូបណា ឬពេលណាធ្វើការកោះហៅ ប៉ុន្តែការចង់ឃាត់ខ្លួន ឬកាតទោស មន្ត្រីរុស្ស៉ីគឺជារឿងដែលគេដឹងជាមុនទៅហើយថានឹងមិនអាចកើតឡើងទេ។ តែយ៉ាងនេះក្ដី ចំណាត់ ការណាមួយរបស់ ICC អាចនឹងកាន់តែបង្កើនសម្ពាធខាងការទូតប្រឆាំងនឹងទីក្រុងមូស្គូ។
ការិយាល័យរដ្ឋអាជ្ញា ICC បានបដិសេធមិនធ្វើការអត្ថាធិប្បាយ ។ ចំណែកក្រសួងការពារជាតិរុស្ស៊ី ក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើអត្ថាធិប្បាយនោះដែរ។ តាមរយៈវីដេអូកាលពី ល្ងាចថ្ងៃ ចន្ទសប្តាហ៍នេះ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «ពេលនេះការប្រយុទ្ធគ្នាកាន់តែខ្លាំងក្លា នៅឯភាគខាងកើតប្រទេស។ យើងត្រូវតែបំផ្លាញអំណាចយោធារបស់សត្រូវ»៕