(សេអ៊ូល)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែ មីនា ឆ្នាំ២០២៣ បញ្ជាក់ថា យោធាកូរ៉េខាងត្បូង បានឱ្យដឹងថាកូរ៉េខាងជើងបានបាញ់សាកល្បង មីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីចំនួន ២គ្រាប់ ឆ្ពោះទៅកាន់តំបន់ឆ្នេរភាគខាងកើតនៃប្រទេស នៅថ្ងៃ អង្គារនេះ ខណៈកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងដឹកនាំការធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ ទ្រាយធំមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ២០១៧មក ដើម្បីទប់ទល់នឹងអ្វីដែល ប្រទេសទាំង២ ចាត់ទុកថា ជាការកើនឡើងនៃការគំរាមកំហែងពីសំណាក់ទីក្រុងព្យុងយ៉ាង។
បើតាមយោធាកូរ៉េខាងត្បូង មីស៊ីលទាំង២គ្រាប់ខាងលើត្រូវបានកូរ៉េខាងជើងធ្វើតេស្ដបាញ់នៅម៉ោង ៧៖៤០នាទីព្រឹក (ម៉ោងក្នុងតំបន់) ចេញពីខេត្តវ៉ាងហេខាងត្បូង (South Hwanghae) ដែលស្ថិតនៅ ក្បែរតំបន់ឆ្នេរភាគខាងលិចនៃប្រទេស។ យោធាកូរ៉េខាងត្បូងបន្ថែមនៅក្នុងសេចក្ដីថ្លែងការណ៍មួយថាខ្លួនបានស្ថិតនៅក្នុងលក្ខណៈប្រុងជើងការខ្ពស់និងត្រៀមលក្ខណៈយ៉ាងពេញលេញក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក។ ជុំវិញការធ្វើតេស្ដមីស៊ីលនេះដែរ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា បាន និយាយថាជប៉ុនកំពុងប្រមូលព័ត៌មានពាក់ព័ន្ធនឹងការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ដោយមិនទាន់អាចផ្ដល់ព័ត៌មានលម្អិតណាមួយឡើយ៕