ប្រធានាធិបតីចិន លោក ស៊ី ជិនពីង គ្រោងបើកកិច្ចពិភាក្សាជាមួយលោក ហ្សេលេនស្គី ក្រោយជួប លោក ពូទីន

 (ប៉េកាំង)៖  តាមការដកស្រង់ចេញផ្សាយពីកាសែត Wall Street Journal នៅថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣ បានអោយដឹងថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង មានគម្រោងបើកកិច្ច ពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ជាលើកដំបូង ចាប់តាំងពី រុស្ស៉ីលើកទ័ពចូលឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២មក។

កាសែតអាមេរិក Wall Street Journal ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែល ដឹងពីគម្រោងនៃជំនួបរបស់លោក ស៊ី ជិនពីង និងលោក ហ្សេលេនស្គី ក្នុងលក្ខខណ្ឌ មិនបញ្ចេញ ឈ្មោះ។ ផ្អែកលើប្រភពដដែលនេះ Wall Street Journal បានបញ្ជាក់ទៀតថាកិច្ចពិភាក្សាតាម ប្រព័ន្ធវីដេអូខាងលើនឹងត្រូវធ្វើឡើង បន្ទាប់ពី លោក ស៊ី ជិនពីង បំពេញទស្សនកិច្ចទៅកាន់ទីក្រុង មូស្គូ នៅសប្ដាហ៍ក្រោយ ដើម្បីជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន។ ប៉ុន្តែ ខាងក្រសួងការបរទេសចិន មិនទាន់បានធ្វើអត្ថាធិប្បាយអ្វីឆ្លើយតបទៅនឹងការចុះផ្សាយរបស់ កាសែត Wall Street Journal នៅឡើយទេ។

សូមជម្រាបថា សេចក្ដីរាយការណ៍ពីគម្រោងនៃជំនួបជាមួយលោក ហ្សេលេនស្គី និងលោក ពូទីន របស់លោក ស៊ី ជិនពីង កើតមានឡើងចំពេលដែលចិនបានបញ្ចេញផែនការសន្តិភាព ១២ ចំណុច ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ហើយកាលពីថ្ងៃសុក្រសប្ដាហ៍មុន ចិនបានក៏បានទទួលជោគជ័យ ផងដែរក្នុងការដើរតួនាទីជាអ្នកសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងស្ដារ ទំនាក់ទំនងការទូតនឹងគ្នា ឡើងវិញរវាងអារ៉ាប៊ីសាអូឌីត និងអ៉ីរ៉ង់។

លោក ស៊ី ជិនពីង មិនដែលបានជួបជជែកជាមួយលោក ហ្សេលេនស្គី នោះទេ ចាប់តាំងពីសង្រ្គាម អ៊ុយក្រែនផ្ទុះឡើងមក។ ប៉ុន្តែ លោកបានជួបជាមួយលោក ពូទីនជាច្រើនលើកទាំងតាម រយៈកិច្ច ប្រជុំតាមប្រព័ន្ធវីដេអូ និងជំនួបដោយផ្ទាល់៕