(ពោធិ៍សាត់)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា នាពេលអនាគត សម្តេចចង់ធ្វើឱ្យកម្ពុជា ក្លាយទៅជាប្រទេសអធិរាជស្វាយចន្ទី ពោលគឺជាប្រទេសដែលនាំចេញ គ្រាប់ស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់បែបនេះ ធ្វើឡើងក្នុង សម្តេចតេជោ អញ្ជើញពិនិត្យវឌ្ឍនភាព សាងសង់វារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលរងផលប៉ះ ពាល់ដោយសារគម្រោង នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។
សម្តេចតេជោបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំចង់ធ្វើឱ្យប្រទេសកម្ពុជា ក្លាយទៅជាប្រទេសអធិរាជ ស្វាយចន្ទី ព្រោះឥលូវស្វាយចន្ទីបានផលិតច្រើនជាងគេទាំងអស់ គ្រាន់តែយើងមិនទាន់មានការកែ ច្នៃ។ ខ្ញុំមើលពិព័រណ៌ទៅកំពង់ធំថ្ងៃមុន ប្រទេសកូតឌីវ័រមានត្រឹមតែមួយលាន១សែនតោនទេ តែកម្ពុជា យើងមាន១លាន១សែន៨ម៉ឺនតោន។នេះមិនទាន់គិតអាដែងកំពុងលូតលាស់ឡើងដែលមានប្រ មាណ៧០ម៉ឺនហិកតា។អ៊ីចឹងថ្ងៃក្រោយទៅប្រសិនជាថា ស្វាយចន្ទីនេះវាកាត់កង អានេះចែកតាម ទីផ្សារនៅលើពិភពលោកតែម្តង ប្រទេសណាក៏ត្រូវការ ជាពិសេសក្នុងវិស័យទេសចរណ៍ហ្នឹង ត្រូវការគ្រាប់ស្វាយចន្ទី»។
ក្នុងឱកាសជួបសំណេះសំណាលជាមួយពលរដ្ឋនៅខេត្តពោធិ៍សាត់នេះដែរ សម្តេចតេជោ បានជំរុញ ឱ្យពលរដ្ឋក្នុងខេត្តនេះ ដាំស្វាយចន្ទី ដែលជាដំណាំយុទ្ធសាស្រ្តនេះផងដែរ។
យោងតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា បច្ចុប្បន្នផ្ទៃដីដុះស្វាយចន្ទីនៅកម្ពុជាមានប្រមាណ ជាង៧០ម៉ឺនហិកតា និងផ្តល់ចំណូលបានប្រមាណជាង ១ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។
សមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងផងដែរថា ក្នុងឆ្នាំ២០២១ ផលិតកម្មគ្រាប់ស្វាយចន្ទីឆៅនៅ លើពិភពលោកមានប្រមាណ៥លានតោន ក្នុងនោះកម្ពុជាផលិតបាន ១ ១៨០ ០០០ តោន ស្មើនឹង ២៤នៃការផលិតសរុប, ប្រទេសកូតឌីវ័រផលិតបាន១ ១០០ ០០០តោន ស្មើនឹង២២%នៃការផលិត សរុប ,ប្រទេសឥណ្ឌាផលិតបាន ៨០០ ០០០តោន ស្មើនឹង១៦%នៃការផលិតសរុប ,ប្រទេសវៀត ណាម ផលិតបានប្រមាណ ៣៩៩ ០០០ ស្មើនឹង៨%នៃការផលិតសរុប រួមនឹងប្រទេសផ្សេងៗទៀត មានប្រមាណ១ ៥២៣ ២២២តោន៕