សម្តេចតេជោ ហ៊ុន សែន៖ សភាពការណ៍សេដ្ឋកិច្ចពិភពលោកមិនសូវជាល្អទេ ទាំងនៅអាមេរិក និងអឺរ៉ុប

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ឥលូវនេះសភាពការណ៍សេដ្ឋកិច្ចពិភពលោកមិនល្អទេ ទាំងនៅអាមេរិក ទាំងនៅអឺរ៉ុប ដ្បិតវាមិនធ្លាក់ចុះធ្ងន់ធ្ងរ ក៏ប៉ុន្តែវាបានកើតបញ្ហាធំដោយមានអតិផរណាទូទាំងសាកលលោក ធ្វើឱ្យមនុស្សដែលមានប្រាក់ចំណូលត្រូវខាតបង់យ៉ាងធ្ងន់ ហើយសម្រាប់ការបញ្ជារទិញពីខាងក្រៅមកប្រទេសកម្ពុជា ពិសេសទាក់ទងជាមួួយនឹងសម្លៀកបំពាក់ និងស្បែកជើងត្រូវបានកាត់បន្ថយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូចនេះនៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០២៣នេះ នាឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុបជិត ២ពាន់នាក់ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាដោយជោគជ័យ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «មានបញ្ហាមួយដែលខ្ញុំគួរតែត្រូវបានលើកនៅទីនេះ ហើយដែលបានប្រគល់ការងារនេះឱ្យឯកឧត្តម អ៊ិត សំហេង និង ឯកឧត្តម អូន ព័ន្ធមន្នីរ័ត្ន សភាពការសេដ្ឋកិច្ចពិភពលោកមិនល្អទេ ទាំងនៅអាមេរិក ទាំងនៅអឺរ៉ុប ជាពិសេសគឺនៅអឺរ៉ុបតែម្តង បញ្ហានៅពេលនេះពិតមែនតែវាមិនធ្លាក់ចុះធ្ងន់ធ្ងរ ក៏ប៉ុន្តែវាបានកើតបញ្ហាធំណាស់ អតិផរណាទូទាំងសកលលោកធ្វើឱ្យមនុស្សដែលមានប្រាក់ចំណូលនោះខាតបង់យ៉ាងធ្ងន់ ចឹងទេស្ថានភាពនេះការបញ្ជារទិញពីខាងក្រៅមកក្នុងប្រទេសរបស់យើង ពិសេសទាក់ទងជាមួួយនឹងសម្លៀកបំពាក់ ស្បែកជើងត្រូវបានកាត់បន្ថយ»។
ពាក់ព័ន្ធនឹងបញ្ហានេះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកផងដែរថា នៅក្នុងឆ្នាំ២០០៨ វិបត្តិសេដ្ឋកិច្ចសកលបានចាប់ផ្តើមជាមួយនឹងវិបត្តិចាប់ផ្តើមពីអាមេរិក ឈានចូលទៅអឺរ៉ុប ហើយការបាត់បង់ប្រាក់ចំណូលនៅអាមេរិក និងនៅអឺរ៉ុប បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះតំបន់ផលិត ទាំងនៅបង់ក្លាដែស ទាំងនៅកម្ពុជា ទាំងនៅវៀតណាម និងប្រទេសផ្សេងៗទៀត ដែលបានបាត់បង់នូវការបញ្ជារទិញ ដោយសារតែអ្នកទាំងនោះបាត់បង់ប្រាក់ចំណូល។
សម្តេចតេជោ បានបញ្ជាក់ឱ្យដឹងទៀតថា ដោយសារតែមានការធ្លាក់ចុះនៃការបញ្ជារទិញនេះ កម្ពុជានៅក្នុងឆ្នាំ២០០៨ និង២០០៩ គឺបានបិទរោងចក្រអស់មួយចំនួន និងបានបង្កើតឱ្យមានកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបានបង្កើតមុខរបរថ្មីឱ្យកម្មករ បានយ៉ាងច្រើន ដែលបានហៅថា «មូលនិធិសម្តេចតេជោ សម្រាប់ការបណ្តុះបណ្តាលវិជ្ជាជីវៈ» និងបានស្រោចស្រង់កម្មករ-កម្មារិនី បានយ៉ាងច្រើនផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា រហូតមកដល់ពេលមានវិបត្តិជំងឺកូវីដ១៩ គិតរហូតដល់ឆ្នាំ២០២១ ខ្សែសង្វាក់បញ្ជារទិញ ក៏ដូចជាការដឹកជញ្ជូន ការផ្គត់ផ្គង់វត្ថុធាតុដើមមកកាន់កម្ពុជា គឺមានការលំបាក ហើយវាបានធ្វើឱ្យរោងចក្ររាប់រយត្រូវបានបិទ ដែលបានតម្រូវឱ្យរាជរដ្ឋាភិបាល ត្រូវរៀបចំការឧបត្ថម្ភដល់កម្មករ កម្មារិនី ដែលរោងចក្រត្រូវបិទ ឫត្រូវព្យូរ ដោយរដ្ឋក៏បានអន្តរាគមន៍ ដោយប្រើវិធានការរដ្ឋអន្តរាគមន៍ ៤០$ ម្ចាស់រោងចក្រ ៣០$ ផងដែរ៕