សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យបញ្ចេញរថយន្តរាប់រយគ្រឿង ដឹកប្រជាពលរដ្ឋទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជាឲ្យរដ្ឋបាលធានីភ្នំពេញ បញ្ចេញរថយន្ដរាប់រយគ្រឿង ដើម្បីដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់ នាពេលខាងមុខនេះ។

ការបញ្ជាបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី សរុបជិត២ពាន់នាក់ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាដោយជោគជ័យ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ដាក់ពន្រាយឡាន ដើម្បីកុំឲ្យឡានតាក់ស៊ី ឬក៏ឡានក្រុង មានការកើនឡើងថ្លៃ ដើម្បីដឹកប្រជាជនដើរលេងចូលឆ្នាំ [… ] អ្នកដែលអត់មានមធ្យោបាយ គឺធ្វើដំណើរតាមឡានទាំងនេះ»។
សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រាប់ដល់អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ឲ្យឧបត្ថម្ភដល់អ្នកបើកបររថយន្ដ ខណៈឡានដែលត្រៀមនឹងបញ្ចេញ សម្រាប់ដឹកប្រជាពលរដ្ឋ ទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី មានប្រមាណ៤០០គ្រឿង។
ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញដល់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្រៅប្រទេស មកលេងកំសាន្ដនៅប្រទេសកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ហើយឆ្នាំនេះ អាកាសធាតុ ក៏មិនសូវក្ដៅប៉ុន្មាននោះទេ។
សូមបញ្ជាក់ថា បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងត្រូវរៀបចំឡើងរយៈពេល៣ថ្ងៃ នៅថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ៕