ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន លើកឡើងថា ទិវាអន្តរជាតិ នារី៨មីនា ជាការរំលេចពីតម្លៃពីការចូល រួមរបស់ស្ត្រី ក្នុងយុគសម័យឌីជីថល

 (កំពង់ចាម)៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ២០២៣ ខួបទី ១១២ និងបូកសរុបការងារ ឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ របស់សាខាសមាគមនារី និងក្រុមចលនាស្ត្រីខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ការនឹករលឹក និងផ្ញើនូវ សារជូនពរ សព្វសាធុការពររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសមាគម នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ជូនដល់លោក លោកស្រី សមាជិក-សមាជិកាទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ។

ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានបន្តទៀតថា ចំពោះខ្លឹមសារនៃព្រះរាជសារ ព្រះបរមនាម ព្រះ ករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា ដែលអានដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់អំពីការយកព្រះទ័យ ទុកដាក់ចំពោះកូនចៅ ចៅទួត របស់ព្រះអង្គ ដែលជានិច្ចកាលព្រះអង្គ គង់ជាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់កូនចៅ ចៅទួតទាំងគ្នា ក្នុងព្រះរាជាណាចក្រកម្ពុជាយើងនេះ។

ការប្រារព្ធពិធីរំលឹកខួប ទិវាអន្តរជាតិ នារី៨មីនា ឆ្នាំ២០២៣ ខួបទី១១២ ដោយឡែកសម្រាប់ ប្រទេសកម្ពុជា យើងទើបតែខួបលើកទី៤៤ឆ្នាំប៉ុណ្ណោះ ដែលប្រព្រឹត្តទៅក្រោមមូលបទ «ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» គឺគោលបំណងបន្តរំលេចពីតម្លៃពីការ ចូលរួមរបស់ស្ត្រី ក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលយ៉ាងសកម្ម ក្នុងការពន្លឿនកិច្ច អភិវឌ្ឍលើគ្រប់វិស័យ។ ក្នុងភាពជាដៃគូ ប្រជាពលរដ្ឋកម្ពុជា ទាំងស្ត្រី និងបុរស នឹងចូលរួមដោយ ស្មើភាពនិងស្មើសិទ្ធ ជាមួយប្រជាពលរដ្ឋនៃបណ្តាប្រទេសនានាទាំងក្នុងតំបន់ និងសកលលោក ជាពិសេសនៅក្នុងយុគសម័យឌីជីថល និងនៅក្នុងរបៀបវារៈស្តារសេដ្ឋកិច្ច-សង្គម ក្រោយវិបត្តិ កូវីដ១៩ ក៏ដូចជាការកសាងភាពធន់ ភាពរឹងមាំ និងការអភិវឌ្ឍ ប្រកបដោយ ចីរភាព។

ដើម្បីឆ្លើយតបនឹងមូលបទនេះ យើងត្រូវរួមគ្នាបន្តលើកកម្ពស់ និងជំរុញការអនុវត្តគោលនយោបាយ សមភាពយេនឌ័រ របស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកស្រ្តីជាឆ្អឹងខ្នង នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ និងការងារបញ្ច្រាបយេនឌ័រ ដែលជាកិច្ចការអន្តរវិស័យ ក្នុងយុគសម័យឌីជីថល ដែលជាការងារ អន្តរវិស័យ ក្នុងការធានាបាននូវចីរភាព នៃសុខសន្តិភាព និងពន្លឿនល្បឿន នៃកិច្ច អភិវឌ្ឍន៍ជាតិ ជាពិសេសក្នុងយុគសម័យឌីជីថល និងការកសាងមូលដ្ឋាន ឆ្ពោះទៅសម្រេចចក្ខុ វិស័យកម្ពុជា ជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

ក្នុងបរិការណ៍នេះ ការយកចិត្តទុកដាក់ និងការពង្រឹងសមភាពយេនឌ័រ នៅតែបន្តជាកិច្ចការអាទិភាព ដើម្បីធានាស្រ្តី និងក្មេងស្រីគ្រប់រូប ទទួលបានសមភាពនៅក្នុងគ្រប់ទិដ្ឋភាព និងនៅក្នុងវិស័យន យោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ព្រមទាំងអនុវត្តសិទ្ធិចូលរួមដោយស្មើភាពគ្នា ជាធនធានដ៏មាន តម្លៃ និងជាដៃគូមិនអាចខ្វះបានជាមួយបុរស ក្នុងការអភិវឌ្ឍប្រទេសជាតិ និងរស់នៅក្នុង សង្គម ដោយភាពថ្លៃថ្នូរ ជីវភាពល្អប្រសើរ និងប្រកបដោយសុខមាលភាព។

ក្នុងនោះផងដែរ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ទាំងអស់គ្នា ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមទប់ស្កាត់ទាំងអស់គ្នា ចំពោះជំងឺផ្តាសសាយ បក្សី H5N1 ដែលមានមួយករណី បណ្តាលឲ្យកុមារីអាយុ១១ឆ្នាំ ៦ខែ រស់នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានស្លាប់បាត់បង់ជីវិត៕