សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យកែប្រែច្បាប់ ឬលុបខ្លឹមសារ ដែលហាមឃាត់ពលរដ្ឋមិនឲ្យ ចិញ្ចឹម សត្វដែលជិតផុតពូជ, សត្វជិតផុតពូជគួរលើកទឹកចិត្តឲ្យពលរដ្ឋចិញ្ចឹមក្នុងគ្រួសារ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បានស្នើឲ្យធ្វើវិសោធន៍កម្មច្បាប់ ឬលុបចោលនូវខ្លឹមសារក្នុងកថាខណ្ឌទាំងឡាយណា ដែល មានកំណត់ពីការហាមឃាត់ ប្រជាពលរដ្ឋមិនឲ្យចិញ្ចឹមសត្វដែលជិតផុតពូជ ដើម្បីផ្ដល់សិទ្ធិឲ្យប្រជា ពលរដ្ឋមានឱកាសអាចចិញ្ចឹមបានដោយមិនខុសច្បាប់។

តាមរយៈសារសំឡេងដែលបញ្ជាឲ្យមន្ដ្រីយកសត្វក្ងោកដែលចាប់ពីផ្ទះប្រជាពលរដ្ឋនៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ប្រគល់ជូនម្ចាស់គេវិញនោះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា សត្វដែល ជិតផុតពូជ គួរតែលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចិញ្ចឹមក្នុងក្រុមគ្រួសារ ទើបជារឿងល្អ។ ជាក់ស្ដែងដូចករណីសត្វក្ងោកនេះជាដើម ហើយសូម្បីតែសម្ដេចក៏ចិញ្ចឹមដូចគ្នា។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «គ្មានហេតុផលណាមួយដែលត្រូវទៅ ចាប់យកសត្វក្ងោកដែលប្រជាជនចិញ្ចឹម យកមកទុកកន្លែងចិញ្ចឹមសត្វ ហើយចាត់ទុកជាអំពើខុស​ច្បាប់។ ក្នុងករណីច្បាប់មានចែង ខ្ញុំសូមស្នើឲ្យអ្នកច្បាប់ធ្វើការជាបន្ទាន់ ដើម្បីធ្វើវិសោធនកម្មច្បាប់ លុបចោលនូវកថាខណ្ឌណាដែលទាក់ទិនជាមួយការចាប់យកសត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋ ដែល យើងគួរលើកទឹកចិត្តឲ្យប្រជាជនចិញ្ចឹម ជាការដែលរារាំងដល់ចលនានៃការចិញ្ចឹមសត្វរបស់ ប្រជាពលរដ្ឋ»

យោងតាមច្បាប់ស្ដីពីព្រៃឈើ ជំពូកទី១០ ការអភិរក្សសត្វព្រៃ មាត្រា៤៨ បានចែងថា ពពួកសត្វ ព្រៃគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺជាសម្បត្តិរបស់រដ្ឋ និងជាសមាសភាគនៃធនធាន ព្រៃឈើ។ ពពួកសត្វព្រៃទាំងអស់នេះ គឺស្ថិតនៅក្រោមការគ្រប់គ្រង ការសិក្សាស្រាវជ្រាវ និងការ អភិរក្សដោយរដ្ឋបាលព្រៃឈើ។ […] គ្រប់ប្រភេទសត្វព្រៃទាំងអស់ គឺត្រូវបានបែងចែកជា៣ក្រុម គឺ១៖ ក្រុមប្រភេទជិតផុតពូជ, ២៖ ក្រុមប្រភេទមានដោយកម្រ និង៣៖ ក្រុមប្រភេទមានដោយបង្គួរ។

ដោយឡែក សម្រាប់សត្វក្ងោកនេះ ត្រូវបានគេចាត់ទុកជាក្រុមប្រភេទមានដោយកម្រ និងជិត ផុតពូជ។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃត្រង់ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញបទបញ្ជាបន្ទាន់ឲ្យមន្ដ្រីដែលទទួលខុសត្រូវ របស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ដែលបានចុះទៅចាប់ សត្វក្ងោកនៅផ្ទះប្រជាពលរដ្ឋ ក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង យកទៅប្រគល់ជូនដល់ម្ចាស់គេវិញដល់ផ្ទះនៅថ្ងៃនេះតែម្ដង។

ការដាក់បទបញ្ជារបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ធ្វើឡើងបន្ទាប់ពីសម្ដេចទទួល បាននូវសំណូម​ពរពីមជ្ឈដ្ឋាននានាក្រោយមន្ដ្រីរដ្ឋបាលព្រៃឈើចុះទៅចាប់សត្វក្ងោករបស់ប្រជាពលរដ្ឋដែលចិញ្ចឹមលក្ខណៈគ្រួសារ នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង គ្រាសម្ដេចក៏ជាអ្នកដែលចិញ្ចឹមសត្វក្ងោកដូច គ្នាដែរនេះ៕