(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែ កុម្ភៈ ឆ្នាំ២០២៣ អោយដឹងថា លោកជំទាវទី១របស់សហរដ្ឋអាមេរិក ជៀល បៃដិន (Jill Biden) បាននិយាយថាស្វាមីរបស់លោកស្រី គឺលោកប្រធានាធិបតីអាមេរិក ចូ បៃដិន មានបំណង និងផែន ការ ចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២៤ បើទោះជាការប្រកាសផ្លូវការមិនទាន់ធ្វើឡើងក៏ដោយ។
លោកស្រី ជៀល បៃដិន ធ្វើការកត់សម្គាល់ខាងលើ ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ទូរទស្សន៍ CNN ជុំវិញផែនការរបស់ស្វាមីលោកស្រី ជាមួយការសង្កត់ធ្ងន់ថាលោក បៃដិន នឹង ប្រកាសពីយុទ្ធនាការមួយ ហើយបានច្រានចោលផងដែរចំពោះសំណួរដែលសួរថាតើលោក បៃដិន មានអាយុ៨០ឆ្នាំទៅហើយនោះ អាចនឹងបោះបង់ចោលការចូលរួមប្រកួតប្រជែងក្នុង ការបោះឆ្នោត នៅឆ្នាំ២០២៤ ដែរឬក៏យ៉ាងណា?
គួរបញ្ជាក់ថា សំណួរថាតើលោក ចូ បៃដិន នឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីសាជាថ្មីនៅ ឆ្នាំ២០២៤ គឺជាប្រភពមួយនៃការជជែកវែកញែកនៅក្នុងចំណោមអ្នកប្រជាធិបតេយ្យ ខណៈការ ស្ទង់ជាច្រើននាពេលកន្លងមកបានបង្ហាញថា ៧១ភាគរយនៃអ្នកត្រូវបានសម្ភាសន៍ ក្នុងនោះមាន ៥២ភាគរយជាអ្នកប្រជាធិបតេយ្យ មិនជឿនោះទេថាលោក បៃដិនអាចនឹងឈរឈ្មោះ ជាបេក្ខជន ប្រធានាធិបតីសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៤៕