រដ្ឋមន្ត្រី ហង់ ជួនណារ៉ុន៖ ក្នុងក្របខណ្ឌនៃកំណែទម្រង់សាលារៀន តម្រូវឱ្យមានគ្រូម្នាក់ទទួលខុសត្រូវខាងផ្នែកព័ត៌មានវិទ្យា ដើម្បីចងក្រងគ្រូទៅតាមមុខវិទ្យានីមួយៗ


 (ភ្នំពេញ)៖ ថ្លែងនៅក្នុងពិធីបើកវេទិកាអប់រំ ស្តីពីបរិវត្តកម្មអប់រំឌីជីថលឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថល នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា នៅក្នុងក្របខណ្ឌនៃកំណែទម្រង់សាលារៀន គឺតម្រូវឱ្យជ្រើស រើសគ្រូម្នាក់ទទួលខុសត្រូវខាងផ្នែកព័ត៌មានវិទ្យា ( IT) ហើយចងក្រងគ្រូទៅតាមបណ្តុំមុខវិទ្យា និងទៅតាមតំបន់នីមួយៗផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានថ្លែងដូចនេះថា «ការអប់រំបែបឌីជីថលនាពេលបច្ចុប្បន្ននេះ បានក្លាយទៅជារបៀបវរៈមួយនៃបរិវត្តកម្មនៃការអប់រំ ដែលជាប្រធានបទមួយ ពិភាក្សានៅអង្គការ​សហប្រជាជាតិនៅឆ្នាំមុននេះ ដែលបរិវត្តកម្មនៃការអប់រំបែបឌីជីថលនេះគឺជាផ្នែកមួយដ៏សំខាន់ ដូចនេះយើងឃើញថាទាំងអំណានតំបូង ទាំងកំណែរទម្រង់សាលារៀន ជាពិសេសយើងបានប្រើ ប្រាស់នូវបច្ចេកវិទ្យានេះនៅក្នុងការជួយគាំទ្រដល់គ្រូបង្រៀន ដូចនេះហើយនៅក្នុងក្របខណ្ឌនៃ កំណែរទម្រង់សាលារៀន គឺតម្រូវឱ្យជ្រើសរើសគ្រូម្នាក់ទទួលខុសត្រូវខាងផ្នែកព័ត៌មានវិទ្យា ( IT ) ហើយយើងចងគ្រូទៅតាមបណ្តុំ ទៅតាមមុខវិទ្យា និងទៅតាមតំបន់ ហើយយើងចែកជា ៦តំបន់ ទូទាំងប្រទេស ហើយគ្រូទៅតាមមុខវិទ្យានេះ អាចប្រើប្រាស់ប្រព័ន្ធតេលេក្រាម ដើម្បីពិភាក្សាកែរ លម្អរលើវិធីសាស្ត្របង្រៀនបាន»។

ជាមួយគ្នានោះដែរឯកឧត្តមរដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានបន្ថែមទៀតថា ដើម្បីពង្រឹងលើគុណភាព នៃ ការអប់រំ គឺត្រូវតែពង្រឹងលើវិធីសាស្ត្របង្រៀន ពង្រឹងលើគុណភាពគ្រូ ហើយគ្រូបង្រៀនដែលល្អ គឺជាគ្រូដែលមានការកែលម្អរជាប្រចាំនូវរបៀបបង្រៀន ហើយមានការសិក្សាស្រាវជ្រាវជាប្រចាំ ហើយគ្រូក៏ត្រូវតែមានការប្តេជ្ញាចិត្តឱ្យបានខ្ពស់ក្នុងការបង្រៀនសិស្សផងដែរ។

ឯកឧត្តម ហង់ ជួនណារ៉ុន បានបញ្ជាក់បន្ថែមថា ការអប់រំឌីជីថលនេះ មានសារៈសំខាន់ណាស់ ប៉ុន្តែត្រូវទាមទារឱ្យសិស្សមានសមត្ថភាព និងមានសម្ភារៈប្រើប្រាស់ ទាក់ទងនឹងបច្ចេកវិទ្យាផងដែរ ក្នុងនោះក្រសួងអប់រំ យុវជន និងកីឡា ក៏បានខិតខំប្រឹងប្រែងស្វែងរកដៃគូរសហការដើម្បីលើក កម្ពស់ការអប់រំឌីជីថលនៅកម្ពុជាផងដែរ៕