សម្តេចតេជោ ហ៊ុន សែន ណែនាំក្រសួង ស្ថាប័ន និងកងកម្លាំងរួមគ្នារក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យ បានល្អក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកួត កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួង ស្ថាប័ន អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចនានារួមគ្នារក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពឱ្យល្អប្រសើរក្នុងពេល ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម (SEA Games) លើកទី៣២ និងកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Game) លើកទី១២។

ការណែនាំបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបាន អញ្ជើញជាអធិបតីភាព បិទសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន បានណែនាំយ៉ាងដូច្នេះថា៖ «ចំពោះព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេម ក្រសួង ស្ថាប័ន អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចនានា ត្រូវខិតខំរួមគ្នាធានារក្សា សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ឱ្យបានល្អប្រសើរ ក្នុងអំឡុងពេលនៃការរៀបចំព្រឹត្តិការណ៍ទាំងនេះ រួមទាំងសុវត្ថិភាព ចំពោះកីឡាករ និងអ្នកចូលរួមទាំងក្នុង និងក្រៅប្រទេស»

ជាមួយគ្នានេះដែរ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត ត្រូវជំរុញ ឱ្យការរៀបចំសណ្តាប់ធ្នាប់ ចរាចរណ៍ សោភ័ណភាព និងអនាម័យឱ្យបានល្អប្រសើរ។

បើតាមនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធាន គណៈកម្មការសន្ដិសុខ និងសណ្ដាប់ធ្នាប់ នៃគណៈកម្មាធិការជាតិ CAMSOC បានរាយការណ៍ថា ក្នុងផែនការការពារនេះ នឹងប្រើប្រាស់កងកម្លាំងមានសមត្ថកិច្ចជាង១៥,០០០នាក់ មកពី១៥ អង្គភាព។ នាយឧត្តមសេនីយ៍ នេត សាវឿន បានអះអាងថា គោលបំណងទីមួយ ត្រូវធានាដាច់ខាត សុវត្ថិភាព និងសន្ដិសុខទាំងស្រុង នៅពេលប្រារព្ធពិធីប្រកួតកីឡាស៊ីហ្គេមនិងកីឡាអាស៊ានប៉ារ៉ា ហ្គេម នៅកម្ពុជា ទាំងមុន និងក្រោយការប្រកួត។ គោលបំណងទីពីរ លើកកិត្យានុភាពរបស់ប្រទេស កម្ពុជា នៅលើឆាកអន្ដរជាតិ។

គិតត្រឹមថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅសល់រយៈពេលតែ ៧១ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរ ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។ ស៉ីហ្គេម ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣។ ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខ មាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល៕