ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យា ល័យ​ភូមិន្ទភ្នំពេញជាង ៧ពាន់នាក់


 (ភ្នំពេញ)៖ ព្រឹកថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញជាង ៧ពាន់នាក់ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាដោយជោគជ័យ។

និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនេះ មានថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុងឆ្នាំ សិក្សា២០១៨-២០១៩ និងឆ្នាំសិក្សា២០១៩-២០២០ សរុបចំនួន ៧,០២១នាក់ នារី ៣,៧០១ នាក់។ សម្តេចតេជោនាយករដ្ឋមន្ត្រី ជាមេដឹកនាំដែលបានយកចិត្តទុកដាក់ខ្ពស់លើការអប់រំ ដើម្បី បណ្តុះធនធានមនុស្សរួមចំណែកកសាងសង្គមកម្ពុជា។ សម្តេចតេជោ តែងតែឆ្លៀតពេលវេលា ដ៏មមាញឹកក្នុងកិច្ចការដឹកនាំប្រទេស អញ្ជើញជាជាអធិបតី ឬប្រគល់សញ្ញាបត្រដល់និស្សិត ដែល បញ្ចប់ការសិក្សានៅតាមសាកលវិទ្យាល័យនានាទាំងរដ្ឋ និងឯកជន។

ការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់និស្សិត បានឆ្លុះ​បញ្ចាំង​ពីការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យអប់រំ និងជាការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ សាស្រ្តា​ចារ្យ បុគ្គលិក និងនិស្សិតទាំងអស់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឱ្យកាន់តែមានភាព​កក់ក្តៅទ្វេ​ឡើង​ថែមទៀត ក្រោមម្លប់នៃសន្តិភាពនិងការអភិវឌ្ឍ។

យោងតាមរបាយការណ៍ បានឱ្យដឹងថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាគ្រឹះស្ថានឧត្តមសិក្សា​សា​ធារណៈ និងមានតួនាទីដ៏សំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីបម្រើឱ្យការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ចកម្ពុជា។ គិតចាប់តាំងពីឆ្នាំ១៩៨០ មកទល់ឆ្នាំសិក្សា២០១៩-២០២០ និស្សិតបាន​បញ្ចប់ការសិក្សាសរុប ៥៤,៧០៦នាក់ (នារី ២០,៧៣៨នាក់)។ ក្នុងនោះមាននិស្សិត​អាហារូបករណ៍​សរុប ១៩,៧៨៦នាក់ (នារី ៦,១៦១នាក់) និងនិស្សិតជ័យលាភីអាហារូបករណ៍សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សរុប ៩៧នាក់ (នារី ៦៣ នាក់)។

ក្នុងឆ្នាំសិក្សា ២០២២-២០២៣នេះ និសិ្សតកំពុងសិក្សាសរុប ១៩,៨៦៤នាក់ (នារី ១១,២២៥ នាក់) ក្នុងនោះនិស្សិតអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សរុប ២៤៩នាក់ (នារី ១៣៩នាក់)។

បច្ចុប្បន្នសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលអាចឱ្យសាកលវិទ្យា​ល័យមានស្វ័យភាពក្នុងកិច្ចការរដ្ឋបាល, ហិរញ្ញវត្ថុ, និងការងារស្រាវជ្រាវ។ សាកលវិទ្យាល័យ​មាន​មហា​វិទ្យាល័យចំនួន០៥ និងវិទ្យាស្ថានចំនួន០២ រួមមាន មហាវិទ្យាល័យវិទ្យាសាស្រ្ត, មហាវិទ្យា ល័យ​សង្គមសាស្រ្ត-មនុស្សសាស្រ្ត, មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍, មហាវិទ្យាល័យវិស្វកម្ម, មហាវិទ្យា​ល័យ​អប់រំ, វិទ្យាស្ថានភាសាបរទេស, និងវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោ​បាយសាធារ​ណៈ។

នៅពេលខាងមុខនេះ សាកលវិទ្យាល័យគ្រោងបើក «វិទ្យាស្ថានសិក្សាបរិស្ថាន» ដែលមានទីតាំងនៅ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មណ្ឌល៣ នៅក្បែរវិមានឈ្នះឈ្នះ ដែលទីតាំងនេះ​រាជរដ្ឋាភិបាល​ បាន​ផ្តល់ជូនបន្ថែមដល់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ក្រៅពីការងារបណ្តុះបណ្តាលនិស្សិត សាកលវិទ្យាល័យ​ បានធ្វើកិច្ចសហប្រតិបត្តិការជាមួយសាកល​វិទ្យា​ល័យបរទេសល្បីៗ ដើម្បីលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលឲ្យកាន់តែប្រសើរឡើង។ គិតត្រឹមឆ្នាំសិក្សា២០២២-២០២៣ នេះ សាកលវិទ្យាល័យបានចុះហត្ថលេខា​លើអនុស្សារណៈ ​នៃការយោគយល់គ្នាជាមួយសាកលវិទ្យាល័យដៃគូ និងស្ថាប័នផ្សេងៗទាំងក្នុងស្រុក និងក្រៅស្រុក​សរុប២៣៩ ដើម្បីធ្វើការផ្លាស់ប្តូរនិស្សិត និងសាស្រ្តាចារ្យទៅវិញទៅមក លើការងារសិក្សា, ការងារ បង្រៀន, និងការងារស្រាវជ្រាវ។

ជាមួយគ្នានេះ សាកលវិទ្យាល័យបានលើកទឹកចិត្ត និងជំរុញការងារស្រាវជ្រាវ ដោយរាប់ចាប់ពីឆ្នាំ​២០០៨ មកទល់បច្ចុប្បន្ន។ សាកលវិទ្យាល័យ បានបោះពុម្ពផ្សាយអត្ថបទស្រាវជ្រាវកម្រិត អន្តរជាតិ បានចំនួន ៣០៥អត្ថបទ, បោះពុម្ពផ្សាយក្នុងស្រុកបានចំនួន ៤០អត្ថបទ, និងបោះពុម្ពក្នុង Journal របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានចំនួន ៨៦អត្ថបទ។

ចាប់ពីឆ្នាំ២០១៦មក សាកលវិទ្យាល័យបានផ្តល់ថវិកាប្រមាណ ១០ម៉ឺនដុល្លារ ជារៀងរាល់ឆ្នាំ​ សម្រាប់​ពង្រឹងកិច្ចការស្រាវជ្រាវរបស់និស្សិត និងសាស្ត្រាចារ្យ។ ដោយឡែកក្នុងឆ្នាំ២០២២ សាកល​វិទ្យាល័យបានបញ្ចប់គម្រោងស្រាវជ្រាវចំនួន ២៥ និងមានគម្រោងស្រាវជ្រាវចំនួន១៩ កំពុងដំណើរ​ការ។ សាកលវិទ្យាល័យបានចូលរួមក្នុងកម្មវិធីសង្គមមួយចំនួនដូចជា៖ សកម្មភាពសប្បុរសធម៌, កាកបាទ​ក្រហម, និងការផ្តល់សេវាសហគមន៍នានា តាមរយៈការបញ្ជូនយុវជន ឱ្យចូល​រួមក្នុងសកម្ម ភាពសង្គម, ការបរិច្ចាគឈាម, ការបណ្តុះបណ្តាលពីសុវត្ថិភាពចរាចរណ៍, ការបំបាត់អំពើហឹង្សា ក្នុងគ្រួសារ និងកម្មវិធីអង្គរសង្រ្កាន្ត។ល។

ក្រៅពីនេះ សាកលវិទ្យាល័យបានដំណើរការមជ្ឈមណ្ឌលសំខាន់ៗ រួមមាន៖ មជ្ឈមណ្ឌលសហ​ប្រតិ​បត្តិ​ការកម្ពុជា-ជប៉ុន, មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ, មជ្ឈមណ្ឌលផលិតកម្ម​ឌីជីថល​កម្ពុជា-ជប៉ុន, មជ្ឈមណ្ឌលសូត្រខ្មែរ, និងអគារស្ទែម។ ក្នុងនោះ មជ្ឈមណ្ឌលផលិតកម្មឌីជីថល​កម្ពុជា-ជប៉ុន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅ ឆ្នាំ២០២២ និងមានតួនាទីប​ណ្តុះ​បណ្តាល​ធនធានមនុស្សលើវិស័យផលិតកម្មឌីជីថល។

មជ្ឈមណ្ឌលសូត្រខ្មែរ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ២០១៩ និងមានតួនាទីធ្វើ ការ​ស្រាវជ្រាវពីដើមមន ដង្កូវនាង និងផលិតជាអំបោះសូត្រ ព្រមទាំងបានចែកចាយពងដង្កូវនាង និងបង្រៀនកសិករពីការចិញ្ចឹមដង្កូវនាងផងដែរ។

នៅចុងឆ្នាំ២០២៣នេះ អគារ «មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា» នឹងត្រូវបញ្ចប់ការ​សាង​សង់ ដើម្បីបង្កើតប្រព័ន្ធជំរុញពាណិជ្ជកម្មរវាងសាកលវិទ្យាល័យ និងឧស្សាហកម្មនៅកម្ពុជា ក្រោម​គម្រោងគាំទ្រដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ។

បច្ចុប្បន្នសាកលវិទ្យាល័យភូមិន្ទភ្នំពេញកំពុងអនុវត្តគម្រោងធំៗចំនួនពីរគឺ៖ គម្រោងកែលម្អការអប់រំឧត្តមសិក្សា ដែលផ្តោតទៅលើការរៀន និងបង្រៀន, ការស្រាវជ្រាវ ,និង ការពង្រឹងស្ថាប័ន និង គម្រោងទេ្វភាគីស៊ុយអ៊ែត-សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលផ្តោតទៅ លើការពង្រឹងសមត្ថភាពផ្នែកស្រាវជ្រាវ, និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្នែក ICT នៅសាកលវិទ្យា ល័យភូមិន្ទភ្នំពេញ៕