(ភ្នំពេញ)៖ កុមារីម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យឃើញថា កើតជំងឺផ្តាសាយ បក្សី H5N1។ ជំងឺផ្តាសាយបក្សី H5N1 មួយករណីនេះ កើតលើកុមារីអាយុ ១១ឆ្នាំ ៦ខែ រស់នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់ ឱ្យដឹងថា កុមារីខាងលើ បានចាប់ផ្តើមឈឺនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានរោគសញ្ញាគ្រុនក្តៅ ៣៩អង្សាសេ ព្រមទាំងមានក្អក និងឈឺក។ ក្រោយព្យាបាលមិនធូរស្រាលរយៈ៣ថ្ងៃមិនធូរស្រាល ដោយកុមារី ចាប់ផ្តើមហត់ ក៏បញ្ជូនព្យាបាលនៅមន្ទីរពេទ្យកុមារជាតិនៅភ្នំពេញ។
លោកជំទាវ យក់ សម្បត្តិ បន្តថា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ គ្រូពេទ្យព្យាបាលបានយកវត្ថុផ្ញើមកវិទ្យាស្ថានជាតិសុខភាពសាធារណ: រួចទទួលលទ្ធផលថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៣ បញ្ជាក់ថា មានវិជ្ជមានមេរោគផ្តាសាយបក្សី H5N1 ចំណែកកុមារីបានបាត់បង់ជីវិត ហើយ ធ្វើពិធីបុណ្យសព តាមប្រពៃណីនៅក្នុងភូមិខាងលើ។
លោកជំទាវ យក់ សម្បត្តិ បានយោងតាមប្រភពពីអ្នកភូមិមកបញ្ជាក់ថា មុនកើតករណីឆ្លងនេះ នៅក្នុងបឹងអភិរក្សក្បែរភូមិមានសត្វព្រៃងាប់ច្រេីនខុសប្រក្រតី។ ក្រោយមានហេតុការណ៍នោះ ពេទ្យសត្វបានយកវត្ថុវិភាគនៅថ្ងៃទី១៧ខែកុម្ភៈ ឆ្នាំ២០២៣ ហើយកំពុងរង់ចាំលទ្ធផលពីមន្ទីរ ពិសោធន៍ពេទ្យសត្វ។
បើតាមលោកជំទាវ យក់ សម្បត្តិ បន្ទាប់ពីរកឃើញករណីកើតមានជំងឺផ្តាសាយបក្សីនេះ ក្រុមឆ្លើយ តបបន្ទាន់របស់ក្រសួងសុខាភិបាល បានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមបសុពេទ្យ ធ្វើការអង្កេត ស្រាវជ្រាវរកប្រភពចម្លង ទាំងលេីសត្វ និងមនុស្ស, រកករណីសង្ស័យ និងអ្នកប៉ះពាល់ ព្រមទាំង ចាត់វិធានការទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀត ទាំងក្នុងសហគមន៌ និងក្នុងពិធីបុណ្យ។ បន្ថែមពីលើនោះ ក្រុមការងារឆ្លើយតបបន្ទាន់ បានចាត់វិធានការចុះអប់រំប្រជាពលរដ្ឋផងដែរ។
លោកជំទាវ យក់ សម្បត្តិ បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងភូមិរកឃើញជំងឺផ្តាសាយបក្សីនេះ ឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព ជាពិសេសកុំបរិភោគសត្វដែលងាប់៕