ក្រសួងជូនដំណឹងពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតក្នុងវិស័យទេសចរណ៍ ដែលត្រូវ បានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកចុងក្រោយ)

 (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងដល់កម្មករនិយោជិតចំនួន ១២៩នាក់ នៃសហគ្រាសទាំង៣ នៃវិស័យទេសចរណ៍ (ដូចមានភ្ជាប់នៅក្នុងឧបសម្ព័ន្ធ) ដែលទទួល បានការអនុញ្ញាតព្យួរកិច្ចសន្យាការងារស្របតាមស្មារតីជុំទី៣ នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល ថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខ ទូរសព្ទ ដែលបានផ្តល់មកឱ្យក្រសួងតាមរយៈរដ្ឋបាល សហគ្រាសនាពេលកន្លងមក។

សេចក្តីជូនដំណឹងរបស់ក្រសួងការងារ នៅថ្ងៃទី២២ ខែកុម្ភៈនេះ បានឲ្យដឹងថា ប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន៖

* ១២១ ៥០០រៀល (៣០ដុល្លារអាម៉េរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១១ថ្ងៃ ដល់ ២០ថ្ងៃ

* ១៦២ ០០០រៀល (៤០ដុល្លារអាម៉េរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលចាប់ពី ២១ថ្ងៃ ដល់ ១ខែ។

ក្រសួងរំឮកថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូនខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ១០ថ្ងៃ បន្ទាប់ពីទទួល បានសារតាមទូរសព្ទពីធនាគារ វីង (ខេមបូឌា) ម.ក។ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយក អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនិងទូរសព្ទដែលទទួលបានសារនោះទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត។ សូមបញ្ជាក់ថា លោកអ្នកមិនតម្រូវឱ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយពេលបើកប្រាក់ ឧបត្ថម្ភនេះ។

ក្នុងករណីកម្មករនិយោជិត ដែលបម្រើការងារនៅសហគ្រាសទាំង៣ នេះ មិនបានទទួលសារទូរសព្ទ ពីធនាគារ វីង (ខេមបូឌា) ម.ក នោះសូមបងប្អូនទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាព លេខទូរសព្ទរបស់ខ្លួន ទៅរដ្ឋបាលសហគ្រាសរបស់ខ្លួន។

ជាមួយគ្នានេះដែរ ដោយស្ថានភាពទេសចរណ៍បច្ចុប្បន្នមានសភាពធូរស្បើយជាលំដាប់ ដែល អនុញ្ញាតឱ្យសណ្ឋាគារ ជាច្រើនអាចបើកដំណើរការឡើងវិញ ដូច្នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបញ្ចប់ការផ្តល់ប្រាក់ឧបត្ថម្ភរាជរដ្ឋាភិបាល ៤០ ដុល្លារអាម៉េរិក ក្នុង ១ខែ សម្រាប់កម្មករ និយោជិត ១នាក់ ដែលបំពេញការងារក្នុងសណ្ឋាគារ នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ តទៅ៕