ចិនប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិក ជុំវិញការលក់អាវុធឱ្យកោះតៃវ៉ាន់


 (ប៉េកាំង)៖  តាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រាប់អោយដឹងថា ក្រសួងពាណិជ្ជកម្មចិននាថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ក្រសួង បានសម្រេចដាក់ទណ្ឌកម្មថ្មីទៀត ទៅលើក្រុមហ៊ុនអាមេរិកចំនួនពីរ នោះគឺ ឡុកឃីដ ម៉ាទីន (Lockheed Martin) ហើយនិង រេធីអន តិចណូឡូជី (Raytheon Technologies) ជុំវិញការលក់ អាវុធឱ្យកោះតៃវ៉ាន់។

ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា ក្រសួងបានកត់ឈ្មោះក្រុមហ៊ុន ឡុកឃីដ ម៉ាទីន និងក្រុម ហ៊ុន រេធីអន តិចណូឡូជី ចូលទៅក្នុង «បញ្ជីនៃអង្គភាពដែល​មិនអាចទុកចិត្តបាន» ដែលជា ចំណាត់ការទណ្ឌកម្មថ្មីចុងក្រោយបំផុតរបស់ខ្លួន ប្រឆាំងលើក្រុមហ៊ុនផលិតអាវុធទាំងពីររបស់សហ រដ្ឋអាមេរិក។ យោងតាម​ការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្មចិន វិធានការនេះនឹងហាមឃាត់ក្រុម ហ៊ុនទាំងពីរ មិនឱ្យអាចធ្វើសកម្មភាពនាំចូលនិងនាំចេញទាំងឡាយណា ដែលពាក់​ព័ន្ធជាមួយចិន បានឡើយ។

គួរបញ្ជាក់ថា កន្លងមកចិនបានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុន ឡុកឃីដ ម៉ាទីន និង រេធីអន តិចណូឡូជី កាលពីខែកុម្ភៈ ឆ្នាំ២០២២ ជុំវិញការលក់​សព្វាវុធទំហំ១០០លានដុល្លារ របស់ទីក្រុង វ៉ាស៉ីនតោន ឱ្យដល់តៃវ៉ាន់ ជាដែនកោះដែលត្រូវទីក្រុងប៉េកាំងចាត់ទុកត្រឹមជា ផ្នែកនៃទឹកដីរបស់ ប្រទេសចិន ខណៈសហរដ្ឋអាមេរិកគឺជាខ្នងបង្អែកធំបំផុតរបស់តៃវ៉ាន់ ជាពិសេសសម្រាប់ការផ្គត់ ផ្គង់អាវុធ។ នាពេលនោះ ក្រសួងការបរទេសចិន បាននិយាយថា ការលក់អាវុធរបស់អាមេរិក ប៉ះ ពាល់ជាខ្លាំងចំពោះផលប្រយោជន៍ផ្នែកសន្តិសុខរបស់ចិន ហើយបំផ្លាញ​ទំនាក់ទំនងចិន-អាមេរិក ក៏ដូចជាសុខសន្តិភាពនិងស្ថិរភាព នៅតំបន់ច្រកសមុទ្រតៃវ៉ាន់៕