(កំពត)៖ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំប្រតិភូ និងមន្រ្ដីបច្ចេកទេសក្រសួងអញ្ជើញទៅត្រួតពិនិត្យ ការដ្ឋាន ស្ថាបនាផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ប្រភេទ DBST មួយខ្សែប្រវែង៨គីឡូម៉ែត្រ និង១០៤ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៤២ ត្រង់ចំណុក្លោងទ្វារវត្តទួលផ្ចិក ភូមិកំណប់ឃុំស្រែចែង ទៅភ្ជាប់នឹងផ្លូវជាតិ លេខ៤២វិញ ត្រង់ចំណុចភូមិខ្ពបរុន ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត ក្នុងក្របខណ្ឌគម្រោងខ្សែច្រ វាក់ផលិតកម្ម ដោយភាតរៈបរិស្ថាន ហៅកាត់ថា CFVAC ដោយប្រើប្រាស់ហិរញ្ញប្បទានរបស់ ធានាគារអភិវឌ្ឍន៍អាស៊ី និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល។
ការដ្ឋាននេះបានចាប់ផ្ដើមពីខែវិច្ឆិកា ឆ្នាំ២០២២ រហូតមកដល់ពេលនេះ លទ្ធផលសម្រេចបាន ៣៥%ហើយ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ។
បណ្ឌិតសភាចារ្យបានបញ្ជាក់បន្ថែមថា គម្រោងខ្សែច្រវាក់ផលតិកម្មដោយភាតរៈបរិស្ថាន នឹង ស្ថាបនាផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន២ខ្សែប្រវែងសរុប២០គីឡូម៉ែត្រ និង ៥២ម៉ែត្រ នៅក្នុខេត្តកំពត ដែលមានរយៈពេលធានាសុពលភាព១២ខែ បន្ទាប់ពីបានស្ថាបនារួច។
ផ្លូវទាំង២ខ្សែនោះរួមមាន៖ ខ្សែទី១ (រវៀង-ច្រេះ) និង (ច្រេះ-ទូច) ក្នុងស្រុកឈូកខេត្តកំពត មាន ប្រវែង ១១គីឡូម៉ែត្រ និង៩៤៨ម៉ែត្រ ទទឹងខ្នងលើប្រវែង ៦ម៉ែត្រ និងមានចិញ្ចើមសងខាងផ្លូវប្រវែង ០.៥ម៉ែត្រ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST និងខ្សែទី២ មានប្រវែង (កំណប់-ស្រែចែង) មានប្រវែង៨គីឡូម៉ែត្រ និង១០៤ម៉ែត្រ ទទឹងខ្នងលើប្រវែង៦ម៉ែត្រ មានចិញ្ចើមអមសងខាងផ្លូវ ប្រវែង ០.៥ម៉ែត្រ ស្ថិតនៅក្នុងស្រុកជុំគីរី ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST។
គម្រោងនេះអនុវត្តរយៈពេល១៨ខែ ដោយចាប់ផ្ដើមពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ដោយប្រើប្រាស់ថវិកាវិនិយោគនីហរ័ណអាហរ័ណនៃសាធារណរដ្ឋកូរ៉េ (EDCF) និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
នៅព្រឹកថ្ងៃដដែលនោះដែរ បណ្ឌិតសភាចារ្យរដ្ឋមន្រ្ដី និងប្រតិភូអមដំណើរបានអញ្ជើញទៅពិនិត្យ ការដ្ឋានស្ថាបនាផ្លូវ មួយខ្សែទៀតរបស់គម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ តភ្ជាប់ពីទីរួមស្រុកជុំគីរី ទៅដល់ឃុំតាកែន ស្រុកឈូក ខេត្តកំពត។ ការដ្ឋានបានចាប់ផ្ដើមពីខែមីនា ឆ្នាំ២០២២ រហូតមក ដល់ពេលនេះ លទ្ធផលសម្រេចបានប្រមាណ៥០%ហើយ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ ។
បណ្ឌិតសភាចារ្យរដ្ឋមន្រ្ដីបានរំលឹកថា គម្រោងកែលម្អផ្លូវជនបទជំហានទី៣ បាននឹងកំពុងអនុវត្ត ដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមប្រភពថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ធនាគា អភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារនីហរ័ណអាហរ័ណ នៃសាធារណរដ្ឋកូរ៉េ (Korea Eximbank) សំដៅកែលម្អផ្លូវជនបទចំនួន ៤៨ ខ្សែ ប្រវែងសរុប ៧២៣គីឡូម៉ែត្រ ទៅជាប្រភេទផ្លូវក្រាលកៅ ស៊ូពីរជាន់ (DBST) និងបេតុង ក្នុងខេត្តគោលដៅចំនួន ១០ ដែលនៅក្នុងនោះ ខេត្តកំពតមានចំនួន ៥ ខែប្រវែងសរុប ៧៩.២៥ គីឡូម៉ែត្រ។
ក្នុងចំណោមខ្សែផ្លូវគម្រោងទាំង៥ខ្សែក្នុងខេត្តកំពត ខ្សែផ្លូវទី៤ មានប្រវែង ១៩.១២ គីឡូម៉ែត្រ ឆ្លងកាត់ពីផ្លូវជាតិលេខ៤៣ ភ្ជាប់ទៅផ្លូវជាតិលេខ ៤១ ត្រង់ចំណុចឃុំតាកែននៃស្រុកឈូក ទៅកាន់ ឃុំត្រពាំងរាំង នៃស្រុកជុំគិរី។ បច្ចុប្បន្នដំណើរការស្ថាបនាផ្លូវនេះ សម្រេចបានចំនួន ២២ % និងមាន ផែនការបញ្ចប់ដំណើារការស្ថាបនាទាំងស្រុងនៅចុងឆ្នាំ ២០២៣នេះ៕