(ហ្កាហ្សា)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ គឺ ការផ្ទុះដ៏កក្រើកជាច្រើនលើកបានកើតឡើងនៅក្នុងតំបន់ហ្កាហ្សា នៅព្រឹកថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់) ខណៈដែលយោធាអ៉ីស្រាអែលបានអះអាងថា ខ្លួនបានវាយប្រហារមូលដ្ឋានក្រោម ដី មួយកន្លែងដែលប្រើប្រាស់ដោយក្រុមហាម៉ាសប៉ាឡេស្ទីន ដើម្បីផលិតគ្រាប់រ៉ុក្កែត។
នៅក្នុងសារមួយបង្ហោះលើ Twitter យោធាអ៉ីស្រាអែល បានគូសបញ្ជាក់ថា ជាការឆ្លើយតបទៅនឹង ការវាយប្រហារដោយគ្រាប់រ៉ុក្កែតចេញពីទឹកដីហ្កាហ្សា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ចូលក្នុងទឹកដី អ៉ីស្រាអែល យន្ដហោះចម្បាំងអ៉ីស្រាអែល បានបើកការវាយប្រហារលើមូលដ្ឋានក្រោមដីមួយដែល មានស្ដុកសម្ភារៈសំខាន់ៗដែលត្រូវបានប្រើប្រាស់ដោយក្រុមហាម៉ាស ក្នុងការផលិតគ្រាប់រ៉ុក្កែត។ ប៉ុន្តែ ភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីចំនួនអ្នកស្លាប់ ឬរងរបួសនៅក្នុងការវាយប្រហារ នេះឡើយ។
គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធហាម៉ាស បានកាន់កាប់តំបន់ហ្គាហ្សាកាលពីឆ្នាំ២០០៧ ហើយ ជារឿយៗតែងតែមានជម្លោះជាមួយអ៉ីស្រាអែល ដោយនៅពេលក្រុមហាម៉ាសបើកការវាយប្រហារ ដោយប្រើគ្រាប់រ៉ុក្កែត យោធាអ៉ីស្រាអែលតែងតែបើកការវាយប្រហារសងសឹកវិញភ្លាមៗ៕