(វ៉ាស៉ីនតោន)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ គឺ ក្រុមមន្រ្តីអាមេរិកបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា កំពុងមានការតាម ឃ្លាំមើលបាឡុងស៉ើបការណ៍ចិន ១គ្រឿង ដែលបាននិងកំពុងហោះនៅលើសហរដ្ឋអាមេរិក អស់រយៈពេលប៉ុន្មានថ្ងៃមកហើយ។
ក្រុមមន្រ្តីទីក្រុងវ៉ាស៉ីនតោនបាននិយាយថា កងយន្តហោះចម្បាំងត្រូវបានចល័តឡើងទៅលើផ្ទៃ អាកាស ប៉ុន្តែក្រុមថ្នាក់ដឹកនាំយោធា បានសម្រេចផ្តល់យោបល់ដល់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ប្រឆាំងនឹងការបាញ់ទម្លាក់បាឡុងនោះ ដោយសារបារម្ភថា កម្ទេចកម្ទីរបស់វាអាចបង្កការ គំរាមកំហែងចំពោះសុវត្ថិភាពប្រជាជននៅផ្ទៃដី ហើយលោក បៃដិន ក៏បានទទួលយកយោបល់នេះ។
អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក ផាទ្រីក រ៉ាយដឺ (Patrick Ryder) បានប្រាប់ថា រដ្ឋាភិបាល អាមេរិកបានប្រទះឃើញ និងកំពុងតាមដានបាឡុងនោះ ចាប់តាំងពីវាបានចូលមកដល់ដែនអាកាស អាមេរិក កាលពីប៉ុន្មានថ្ងៃមុន។ បើតាមលោក រ៉ាយដឺ បាឡុងនោះ កំពុងធ្វើដំណើរនៅរយៈកម្ពស់ ដ៏ខ្ពស់មួយ ហើយមិនបង្កការគំរាមកំហែង ក្នុងទម្រង់ណាមួយឡើយ។
ដំបូងឡើយ ក្រុមថ្នាក់ដឹកនាំយោធាអាមេរិក បានពិចារណាចង់បាញ់ទម្លាក់បាឡុងស៉ើបការណ៍នោះ នៅលើរដ្ឋម៉ុនតាណា (Montana) កាលពីថ្ងៃពុធ។ មូលដ្ឋានទ័ពអាកាសម៉ាលស្រ្តូម (Malmstrom) នៅរដ្ឋ Montana គឺជាទីតាំងផ្ទុកកន្លែងបាញ់មីស៉ីល ICBM ដល់ទៅ១៥០គ្រាប់របស់សហរដ្ឋ អាមេរិក។
ជាមួយគ្នានេះ ក្រុមមន្រ្តីអាមេរិក ក៏បាននាំយកបញ្ហាខាងលើប្រាប់ទៅកាន់សមភាគីចិនរបស់ខ្លួន តាមច្រកទាក់ទងការទូតនៅឯទីក្រុងប៉េកាំងនិងនៅទីក្រុងវ៉ាស៉ីនតោនផ្ទាល់ផងដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ បាឡុងស៉ើបការណ៍មួយចំនួនធ្លាប់បានហោះកាត់ពីលើសហរដ្ឋ អាមេរិកប៉ុន្មានលើក ប៉ុន្តែបាឡុងថ្មីនេះ ហាក់ស្ថិតនៅរយៈពេលយូរជាងលើកមុនៗ៕