(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំវេទិកាសាធារណៈស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដូចរាល់ឆ្នាំកន្លងមក នៅថ្ងៃពុធ ៤កើត ខែ មាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៣ ស្អែកនេះ នៅ សណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា ដើម្បីធ្វើការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយដល់សាធារ ណជន ទូទៅបានស្វែងយល់លំអិត អំពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៣ បន្ថែមទៀត។
វេទិកាសាធារណៈនេះ គ្រោងនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាង អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ននានា, ដៃគូអភិវឌ្ឍន៍, សង្គមស៊ីវិល, ស្ថាប័នស្រាវ ជ្រាវ, គ្រឹះស្ថាន ឧត្តមសិក្សា, វិស័យឯកជន, បណ្តាញសារព័ត៌មាន និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ព្រមទាំងអ្នកសិក្សាស្រាវជ្រាវ, និស្សិត និងយុវជនផងដែរ។
សូមបញ្ជាក់ដែរថា ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ឬច្បាប់ថវិកាឆ្នាំ២០២៣ ត្រូវបានគណៈរដ្ឋមន្ត្រីសម្រេច យល់ព្រមក្នុងសម័យប្រជុំពេញអង្គណៈរដ្ឋមន្រ្តី នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ និងត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នាសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ រួចត្រូវបានព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះ ទាំងស្រុង កាលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នាសម័យប្រជុំពេញអង្គលើកទី៩ នីតិកាលទី៤ ហើយត្រូវ បានព្រះមហាក្សត្រទ្រង់ឡាយ ព្រះហស្តលេខា ប្រកាសឱ្យប្រើ ដោយព្រះរាជក្រមលេខ នស/រកម/១២២២/០១២ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២៕