UN អនុម័តការបន្តផ្តល់ជំនួយមនុស្សធម៌ដល់ស៉ីរី ចេញពីតួកគី ដើម្បីចៀសវាងការឈ្លោះ ប្រកែកជាមួយរុស្ស៉ី


 (យូអិន)៖  យោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣ គឺ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) នៅថ្ងៃចន្ទសប្តាហ៍នេះ បានអនុម័ត ជាឯកច្ឆន្ទក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនប្រមាណ ៤លាននាក់ នៅភាគពាយព្យនៃ ប្រទេសស៊ីរីសម្រាប់រយៈពេល៦ខែទៀត និងដើម្បីបញ្ចៀសការឈ្លោះប្រកែកជាមួយរុស្ស៊ីលើ បញ្ហានេះ។

ដំបូងឡើយ ក្រុមប្រឹក្សាសន្តិសុខបានអនុញ្ញាតឲ្យមានការផ្តល់ជំនួយ ដែលបានអនុម័តនៅក្នុង ឆ្នាំ២០១៤ ទៅកាន់តំបន់កាន់កាប់ដោយក្រុមប្រឆាំងនៃប្រទេសស៊ីរី ពីចេញពីប្រទេសអ៊ីរ៉ាក់ ហ្ស៊កដានី និងតួកគី។ ប៉ុន្តែ​រុស្ស៊ី និង​ចិន​បាន​ជំទាស់ ដោយសម្រេចថាការផ្តល់ជំនួយអាចធ្វើឡើង​បានត្រឹមតែចេញពីតួកគីមួយ​ប៉ុណ្ណោះ។

ទោះបីជាមានភាពតានតឹងរបស់លោកខាងលិចចំពោះរុស្ស៊ីជុំវិញការឈ្លានពានអ៊ុយក្រែនក្តី ក៏ក្រុម ប្រឹក្សានេះបានចៀសវាងជម្លោះណាមួយលើការយល់ព្រមលើការផ្តល់ ជំនួយចេញពីប្រទេសតួកគី ទៅស៊ីរី។ សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង បានសង្កត់ធ្ងន់ថា ការបន្តប្រតិបត្តិការរយៈពេល ១ឆ្នាំគឺចាំបាច់ណាស់មុនពេលដែលក្រុមប្រឹក្សាសន្តិសុខបើកការពិចារណាលើបញ្ហានេះនៅក្នុងខែកក្កដាខាងមុខទៀត៕