ប្រធានាធិបតីហ្វីលីពីន តែងតាំងរដ្ឋមន្រ្តីការពារជាតិថ្មី ក្រោយប្រមុខការពារជាតិចាស់ សុំលាលែងពីតំណែង


(ម៉ានីល)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ ២០២៣ អោយដឹងថា ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ (Ferdinand Marcos Jr) បានតែងតាំងលោក កាលីតូ ហ្កាល់វេស (Carlito Galvez) ជារដ្ឋមន្រ្តីការពារជាតិថ្មី បន្ទាប់ពីប្រមុខការពារជាតិមុន បានដាក់ពាក្យលាលែងពីមុខតំណែង។

អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន បាននិយាយថា លោក ហ្កាល់វេស ដែលជាអតីតនាយសេនាធិ ការចម្រុះរបស់យោធាហ្វីលីពីន បានទទួលយល់ព្រមចំពោះការតែងតាំងនេះហើយ ដែលកើតឡើង បន្ទាប់ពីលោក ម៉ាកូស បានទទួលយកពាក្យសុំលាលែងពីតួនាទី​របស់លោក ចូសេ ហ្វោសទីណូ (Jose Faustino)។ លោក ហ្វោសទីណូ ត្រូវបានតែងតាំងជាប្រមុខការពារជាតិហ្វីលីពីន កាលពីខែ​មិថុនា ឆ្នាំ២០២២ នៅពេលលោក ម៉ាកូស ត្រៀមស្បថចូលកាន់តំណែងជាមេដឹកនាំថ្មី បន្តពីអតីត ប្រធានាធិបតី លោក រ៉ូឌ្រីហ្កោ ឌូតឺតេ។

គួរបញ្ជាក់ថា មុនត្រូវបានតែងតាំងឱ្យកាន់តំណែងចុងក្រោយខាងលើ លោក ហ្កាល់វេស មានតួ នាទីជាទីប្រឹក្សារបស់លោក ម៉ាកូស ទទួលបន្ទុកសន្តិភាព ផ្សះផ្សារ និងបង្រួបបង្រួមជាតិ។ ដោយឡែក នៅក្រោមអតីតរដ្ឋបាលរបស់លោក ឌូតឺតេ លោក ហ្កាល់វេស ក៏ត្រូវធ្លាប់កាន់តួនាទីជា អ្នកដឹកនាំកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងកូវីដ១៩ និងជាអ្នកទទួលបន្ទុកទិញវ៉ាក់សាំងផងដែរ។ ក្រៅពីនេះ លោក ហ្កាល់វេស បានកាន់តំណែងជានាយសេនាធិការចម្រុះយោធា រយៈពេល៦ខែ កាលពីក្នុងឆ្នាំ២០១៨៕