(កៀវ)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០២៣ បញ្ជាក់ថា យានដ្ឋានរថយន្តមួយក្នុងទីក្រុងកៀវ កំពុងផ្តល់ជីវិតទីពីរដល់រថយន្តដែល ខូចខាតដោយសារសង្គ្រាម ជាយានជំនិះត្រៀមប្រយុទ្ធសម្រាប់យោធាអ៊ុយក្រែន ដោយព្យាយាមបំពេញការខ្វះខាត ខណៈដែលសង្រ្គាមជាមួយរុស្ស៊ីនៅតែបន្ត។
យានដ្ឋាននេះពីមុន មានឯកទេសខាងជួសជុលរថយន្តដែលប៉ះទង្គិច ប៉ុន្តែវាបានផ្លាស់ប្តូរបន្ទាប់ពី រុស្ស៊ីបានឈ្លានពានក្នុងខែកុម្ភៈហើយអ្នកស្ម័គ្រចិត្តបានឈានដល់ការកែឆ្នៃរថយន្តដែលខូចៗសម្រាប់កិច្ចការនានា រួមទាំងការដឹកជញ្ជូនសព្វាវុធ និងយន្តហោះដ្រូនឃ្លាំមើលជាដើម។
លោក Anton Senenko អ្នកស្ម័គ្រចិត្តម្នាក់ដែលសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងនេះបានប្រាប់ AFP ថា «យើងមិនមែនជាប្រទេសអ្នកមានទេ ហើយរដ្ឋមិនអាចផ្តល់ឱ្យទាហានរបស់យើងទាំង អស់នូវរថពាសដែកកង់បួន ដូច្នេះរថយន្តភីកអាប់គឺជាជម្រើសល្អបំផុតដែលអាចដើរតួជំនួសបាន»។
លោកបានបន្តថា ការងារជួសជុលអាចធ្វើឱ្យមានភាពខុសគ្នារវាងការរស់រានមានជីវិត និងការស្លាប់ សម្រាប់ទាហាន ដែលកំពុងប្រតិបត្តិការនៅភាគខាងកើតអ៊ុយក្រែន ជាកន្លែងដែលការប្រយុទ្ធ កំពុងប្រមូលផ្តុំនាពេលបច្ចុប្បន្ន៕