ផ្លែមៀនស្រស់របស់កម្ពុជា ត្រូវបានដាក់លក់ជាផ្លូវនៅលើទីផ្សារអនឡាញ ក្នុងប្រទេសចិន


 (ភ្នំពេញ)៖ ផ្លែមៀនប៉ៃលិនស្រស់របស់កម្ពុជា ត្រូវបាននាំយកទៅដាក់លក់ជាផ្លូវការ នៅលើទីផ្សារ អនឡាញ​ប្រទេសចិន នៅក្នុង ​​Alibaba Group កាលពីពេលថ្មីៗ បន្ទាប់ពីអនុញ្ញាតឱ្យនាំចូល ទៅប្រទេសចិនជាផ្លូវការ។​ ​

លោក នាង សំរិតកុមារ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃប្រទេសចិន បានប្រាប់ នៅថ្ងៃ ទី២១ ខែធ្នូនេះថា ​ ​មៀនប៉ៃលិនកម្ពុជា បានចាប់ផ្តើមសម្ពោធដាក់លក់​ នៅលើទីផ្សារអនឡាញរបស់ Alibaba​ Group កាលពីថ្ងៃពី១២ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងហាន់ចូវ ខេត្តជឺជាំង ប្រទេសចិន ដែលទីក្រុងនេះ គឺជាកន្លែងបោះដុំផ្លែឈើដ៏ធំមួយ នៅក្នុងប្រទេសចិន ដោយសារ​មៀនប៉ៃលិន គោរពតាមបទដ្ឋានភូមគាមអនាម័យ មានស្តង់ដារសុវត្ថិភាព ស្របពេល​កម្ពុជាមានកិច្ចព្រមព្រៀង សេរីពាណិជ្ជកម្មជាមួយចិន។

លោកបន្ថែមថា តាមរយៈការផ្សព្វផ្សាយផលិតផលកម្ពុជា ​លើបណ្តាញឌីជីថល​របស់ចិន នឹងធ្វើឱ្យ អ្នកប្រើប្រាស់នៅចិន កាន់តែច្រើនអាចស្គាល់ផលិតផលកសិកម្មកម្ពុជា​ ព្រោះចិនជាទីផ្សារធំដែល មានប្រជាជនជាង ១៤០០លាននាក់។ ហើយថ្ងៃខាងមុខ ផលិតផលខ្មែរផ្សេងទៀត ដូចជាស្វាយ និងចេក ក៏នឹងមានវត្តមាននៅលើទីផ្សារនេះផងដែរ។ តាមរយៈទីផ្សារនេះ នឹងផ្តល់ប្រយោជន៍កាន់ តែច្រើនដល់កសិករខ្មែរ ខណៈ​ក្រុមហ៊ុន Alibaba Group ​មានគម្រោងនាំចូលផ្លែមៀន​ប៉ៃលិនពី កម្ពុជាក្នុងមួយឆ្នាំ ចំនួនជាង៣០០តោន ​សម្រាប់ដាក់លក់ផងដែរ។​

​លោក Brian Jiang នាយកផ្នែកបញ្ជាទិញសកល របស់ក្រុមហ៊ុន Shanghai Grandfruit Import & Export ​ ​ដែលបាននាំចូលមៀនប៉ៃលិន ទៅប្រទេសបានឱ្យដឹងថា ផ្លែមៀនស្រស់របស់កម្ពុជា បាននាំមកដល់ក្រុងសៀងហៃ ប្រទេសចិន សម្រាប់ដាក់លក់នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ក្នុង ផ្សារផ្លែឈើ Jiaxing បានលក់អស់ជាង១៨តោន ក្នុងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ដែលនេះជា​សញ្ញាល្អមួយសម្រាប់ធុរជននៃប្រទេសទាំងពីរ ក្នុងការវិនិយោគ និងពង្រឹងអាជីវកម្មរបស់ខ្លួន លើការនាំផ្លែឈើស្រស់ពីកម្ពុជា។

ឯកឧត្តម ​ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលបានថ្លែងតាមរយៈ​ប្រព័ន្ធវីដេអូ នៅ​វេទិកា ពាណិជ្ជកម្មពិភពលោកអេឡិចត្រូនិក (eWTP) ​មានប្រសាសន៍ថា ភាពជាដៃគូ នៃវេទិកា eWTP រវាងកម្ពុជា និង Alibaba Group នឹងសម្រេចបានលទ្ធផលជាផ្លែផ្កា និងនាំមកនូវអត្ថប្រយោជន៍កាន់ តែច្រើនដល់ប្រជាជនកម្ពុជា-ចិន​ និងបង្កើនការនាំរបស់កម្ពុជា។

​ផ្លែមៀនស្រស់ គឺជាផលិតផលកសិផលទី៣ របស់កម្ពុជា ដែលនាំចេញទៅលក់នៅលើទីផ្សារ ប្រទេសចិនជាផ្លូវការ នៅក្នុងឆ្នាំ ២០២២ នេះ ​បន្ទាប់ពីផ្លែស្វាយ និងចេក។

លោក ភត់ សុផាន់បូរី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ពេជ្រចិន្តា ដែលជាក្រុមហ៊ុនសម្អាត កែច្នៃ និងវេចខ្ចប់ផលិតផល​មៀនប៉ៃលិន បានប្រាប់ថា ការនាំយកផលិតផលមៀនប៉ៃលិនរបស់កម្ពុជា ដាក់លក់នៅលើទីផ្សារអនឡាញ Alibaba នឹងជួយលើកកម្ពស់ផលិតផលមៀនប៉ៃលិនកម្ពុជា ក៏ដូច ជាធ្វើឱ្យអន្តរជាតិកាន់តែស្គាល់ពីផលិតផល​នេះ ព្រោះវេបសាយ Alibaba មិនមែនប្រើប្រាស់ សម្រាប់ប្រជាជនចិននោះទេ គឺមានការទទួលស្គាល់ស្ទើរតែទូទាំងសាកលលោក​។ ការដាក់លក់មៀនប៉ៃលិន នៅក្នុងទីផ្សារ Alibaba នឹងជំរុញឱ្យបណ្តាប្រទេសដ៏ទៃ ទទួលស្គាល់ពី គុណភាពមៀនប៉ៃលិនកម្ពុជាដែរ ខណៈបច្ចុប្បន្នមានក្រុមហ៊ុន​មួយចំនួនពីប្រទេសចិន ថៃ ម៉ាឡេ ស៊ីជាដើម ចង់មកសហការដើម្បីនាំចេញមៀនប៉ៃលិនផងដែរ។

លោកបន្តថា «ឥលូវនេះ កំពុងតែមានដៃគូមកចរចា ក៏ប៉ុន្តែយើងមិនទាន់ថា គ្រោងនឹងផ្គត់ផ្គង់ឱ្យមួយ ណាទេ ព្រោះយើងកំពុងដំណើរការធ្វើឱ្យរួចរាល់។ ណាមួយយើងជា​ក្រុមហ៊ុនខ្មែរ យើងខ្វះទុនក្នុង ការពង្រីក និងពង្រឹង ក៏ប៉ុន្តែផែនការយើងកំពុងធ្វើរាល់ថ្ងៃ បើយើងធ្វើរួចរាល់ ក្នុងមួយថ្ងៃយើងអាច ផ្គត់ផ្គង់បានចន្លោះពី៦០តោន ទៅ៩០តោន។ […] មានក្រុមហ៊ុនចិន ម៉ាឡេស៊ី និងក្រុមហ៊ុនមក ពីក្រៅផ្សេងៗទៀត ​ប៉ុន្តែគេតម្រូវឱ្យផ្ញើគំរូក្នុងការពិសោធន៍ផលប៉ះពាល់ ពីរបាំងបច្ចេកទេសនៅ ប្រទេសនីមួយៗ ដូចជានៅជប៉ុន សិង្ហបុរី គឺការបរិភោគរបស់គេវាខុស ពីប្រទេសនីមួយៗ»។

​បើតាមលោក លោក ភត់ សុផាន់បូរី ទិន្នផលមៀនប៉ៃលិន ក្នុងមួយឆ្នាំទទួលបានក្នុងរង្វង់ ១០ម៉ឺន តោន ហើយទិន្នផលនេះនឹងកើនឡើងចន្លោះពី១០%ទៅ១៥%​។

សូមជម្រាបជូនថាចំការមៀនដែលទទួលបានការអនុម័តចុះបញ្ជីជាផ្លូវការឱ្យនាំចេញផ្លែមៀនទៅកាន់ទីផ្សារចិន​ មានចំនួន៧៤ ក្នុងនោះ នៅខេត្តប៉ៃលិនមានចំនួន ៤០ចំការ បាត់ដំបងចំនួន ២៨ចំការ និងបន្ទាយមានជ័យចំនួន ៦ចំការ។ ដោយឡែករោងចក្រវេចខ្ចប់ចំនួន៨ ដែលមានទីតាំងនៅក្នុង ខេត្តកណ្តាលចំនួន១ ខេត្តបាត់ដំបងចំនួន៣ ខេត្តប៉ៃលិនចំនួន២ និងខេត្តព្រះសីហនុចំនួន២​​។ រីឯផ្ទៃដីដាំដុះមៀនទូទាំងប្រទេសរបស់កម្ពុជាវិញ មានចំនួន ១៣ ៦០៨ហិកតា ស្ថិតក្នុងខេត្តចំនួន ៤៕