ក្រសួងអប់រំសម្រេចលើកថ្ងៃ ប្រកាសលទ្ធផលប្រឡងបាក់ឌុប មករសៀលថ្ងៃទី២២ ខែធ្នូស្អែកនេះ សម្រាប់រាជធានីភ្នំពេញ-ខេត្តកណ្តាល និងព្រឹកថ្ងៃទី២៣ ខែធ្នូ សម្រាប់បណ្តាខេត្តផ្សេងៗទៀត


 (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចលើកថ្ងៃប្រកាសលទ្ធផល ប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ៥ ធ្នូ ២០២២ មករសៀលថ្ងៃទី២២ ខែធ្នូ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងព្រឹកថ្ងៃទី២៣​ ខែធ្នូ សម្រាប់បណ្តាខេត្តផ្សេងៗទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ ដែល ទទួលបាននៅថ្ងៃទី២១ ខែធ្នូនេះ។

សូមជម្រាបថា ការប្រកាសលទ្ធបាក់ឌុប ដំបូងឡើយក្រសួងអប់រំ គ្រោងនឹងប្រកាសនៅរសៀលថ្ងៃ ទី២៧ ខែធ្នូ សម្រាប់រាជធានីភ្នំពេញ-ខេត្តកណ្តាល និងនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ បណ្តាខេត្តផ្សេងទៀត ប៉ុន្តែពេលនេះ បន្ទាប់ពីដំណើរការកំណែ និងបូកស្រង់ពិន្ទុចប់រួចរាល់មុនការ គ្រោងទុក ទើបក្រសួងសម្រេចលើកថ្ងៃប្រកាសលទ្ធផល។

ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី០៥ និងទី០៦ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់, មណ្ឌលប្រឡង ២២១ និងត្រូវជា ៥១៧៤បន្ទប់៕