(ភ្នំពេញ)៖ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សហការជាមួយក្រុមហ៊ុនទឹកពិសាវីតាល់ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រមទាំងដៃគូជាច្រើនទៀតរួមមាន កាកបាទក្រហមកម្ពុជា សមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសុខាភិបាល នាព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំកម្មវិធីបរិច្ចាគឈាមដ៏ធំចុងឆ្នាំ២០២២ ក្រោមប្រធានបទ «ចែករំលែកជីវិត គឺបរិច្ចាគឈាមទាំងអស់គ្នា» នៅបរិវេណទី២ នៃសាកលវិទ្យា-ល័យវិទ្យាសាស្ត្រ សុខាភិបាល។
កម្មវិធីនេះជាកម្មវិធីលើកទី១៥ របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលរៀបចំឡើង ក្នុងគោលបំណងបំផុសចលនាស្ម័គ្រចិត្ត ផ្តល់អំណោយឈាម ដើម្បីចូលរួមចំណែកបំពេញតម្រូវ ស្តុកឈាម ដល់អ្នកជំងឺកំពុងត្រូវការឈាមជាចាំបាច់ នៅតាមមន្ទីរពេទ្យនានា។
កម្មវិធីប្រព្រឹត្តទៅក្រោមអធិបតីភាព សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល, សាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សា ក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ សុខាភិបាល, លោកស្រីអ្នកឧកញ៉ា ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់), លោកប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងវត្តមាន លោក លោកស្រី ថ្នាក់ដឹកនាំ តំណាងដៃគូ ព្រមទាំង សាស្រ្តាចារ្យ-បុគ្គលិក និងនិស្សិតអ្នកស្ម័គ្រចិត្តផ្តល់អំណោយឈាម ប្រមាណជាង៣០០ នាក់ ។
លោកស្រីអ្នកឧកញ៉ា ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានរំលឹកពី អនុស្សាវរីយ៍ វីតាល់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដោយចាប់តាំងពីឆ្នាំ២០១៣ វីតាល់ បានក្លាយជាដៃគូយុទ្ធសាស្រ្ត របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្នុងការចូល រួមឧបត្ថម្ភទាំងស្រុង សម្រាប់ការរៀបចំកម្មវិធីទទួលយកអំណោយឈាម ជារៀងរាល់ឆ្នាំពីសប្បុរស ជន។ លោកស្រីបានបន្ថែមថា វីតាល់ បានកំណត់អាទិភាពការងាររបស់ខ្លួន មិនត្រឹមតែផ្តល់ជូន នូវទឹកពិសាដែលមានគុណភាពខ្ពស់, សុវត្ថិភាព, និងអនាម័យ ប៉ុណ្ណោះទេ ការចូលរួមសកម្មភាព សង្គម គឺជាកិច្ចការមួយទៀតដែល វីតាល់ បានចាត់ទុកជាអាទិភាពផងដែរ។ តួយ៉ាងដូចអ្វីដែលបានកំពុងរៀបចំនាពេលនេះ គឺកើតឡើងបាន ក៏ដោយសារមានការគាំទ្រពី សំណាក់អតិថិជន និងអ្នកប្រើប្រាស់ផលិតផល វីតាល់ ដែលជានិច្ចកាល វីតាល់ បានបន្តរក្សាបេស កកម្ម ក្នុងការកាត់ប្រាក់ចំណេញ២៥៛ ពីវីតាល់ក្នុង១ដប បង្វិលចូលមូលនិធិ សម្រាប់ប្រើប្រាស់ក្នុង សកម្មភាពសប្បុរសធម៌ និងការងារសង្គមនានា។ បុរេប្រទាននេះ បានជំរុញទឹកចិត្តឱ្យ វីតាល់ បន្តចូលរួមឧបត្ថម្ភ គាំទ្រដល់ការបង្កើតឲ្យមានគម្រោងថ្មីៗបន្ថែមទៀត ដើម្បីចូលរួមដោះស្រាយ និងឆ្លើយតបបញ្ហាសង្គមលើគ្រប់វិស័យ ពិសេសគឺយុទ្ធនាការ និងកម្មវិធីផ្តល់អំណោយឈាម ដោយស្ម័គ្រចិត្ដ និងក្តីមេត្តាករុណា។
សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានកោតសសើរដល់ទឹកចិត្តសប្បុរសធម៌ ដ៏ថ្លៃថ្លារបស់និស្សិត សាស្រ្តាចារ្យ និងអ្នកស្ម័គ្រចិត្តផ្តល់អំណោយឈាមទាំងឡាយ ដែលមាន សណ្តានចិត្តសប្បុរស ក្នុងការបរិច្ចាគឈាមជាទៀងទាត់ ដែលទង្វើនេះបានបង្ហាញយ៉ាងច្បាស់ នូវឆន្ទៈ សាមគ្គីភាពរបស់យុវជនខ្មែរជំនាន់ថ្មី ដែលគប្បីបន្តអនុវត្តឲ្យកាន់តែច្រើនក្នុងសង្គមខ្មែរ យើង។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនវីតាល់ និងមជ្ឈមណ្ឌលជាតិផ្តល់ ឈាម ដែលតែងតែខ្នះខ្នែងផ្សព្វផ្សាយ និងប្រមូលឈាមសប្បុរសគ្រប់ទីកន្លែង ដើម្បីបំពេញបន្ថែម ដល់តម្រូវការឈាមជាចាំបាច់៕