រាជបណ្ឌិត្យសភាកម្ពុជា រៀបចំសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៧ ស្តីពី «សណ្តាប់ធ្នាប់ពិភពលោក ថ្មី៖ ការប្រជែងសមាហរណកម្ម និងពហុប៉ូល»


 (ភ្នំពេញ)៖ មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសន្និសីទអន្តរជាតិ ប្រចាំឆ្នាំលើកទី១៧ ស្តីពី «សណ្តាប់ធ្នាប់ពិភពលោកថ្មី៖ ការប្រជែងសមាហរណកម្ម និងពហុប៉ូល»

ពិធីនេះនឹងធ្វើឡើងរយៈពេល១ថ្ងៃពេញ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ ក្រោមការឧបត្ថម្ភ ពីវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់នៃសាធារណរដ្ឋកូរ៉េ។ ពិធីបើកសន្និសីទនេះ បានធ្វើ ឡើងក្រោមវត្តមានលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា, លោក ផាក អ៉ីនគុក (PARK In-Kook) វិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់នៃសាធារណរដ្ឋកូរ៉េ, លោកប ណ្ឌិត ខែក វីរៈ នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងមានការ ចូលរួមពីវិគ្មិនជាតិ និងអន្តរជាតិមួយចំនួន។

សន្និសីទអន្តរជាតិនេះត្រូវបានរៀបចំឡើងខណៈដែលពិភពលោកកំពុងជួបប្រទះបញ្ហាធំៗដ៏គួរឱ្យបារម្ភ ដូចជា៖ វិបត្តិជំងឺកូវីដ១៩ វិបត្តិស្បៀងអាហារ ថាមពល និងឧស្ម័ន និងអតិផរណាជាសាកល ជាពិសេស សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន ដែលសុទ្ធតែជាវិបត្តិសាកលដែលមិនអាចប៉ាន់ស្មាន ទុកមុន។

សន្និសីទនេះបានចែកចេញ ៣ប្រធានបទរងរួមមាន៖

*ប្រធានបទរងទី១ ស្តីពី «គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក៖ ការវិវត្តថ្មីនៃការប្រកួត ប្រជែងភូមិសាស្ត្រនយោបាយ»
*ប្រធានបទរងទី២ «ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) និងក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូ ប៉ាស៊ីហ្វិក (IPEF) បាតុភូតភូមិសាស្ត្រសេដ្ឋកិច្ចថ្មី»
*ប្រធានបទរងទី៣ ស្តីពី «វិបត្តថាមពល និងសន្តិសុខស្បៀង»

ក្នុងឆ្នាំ២០២២នេះ ក្នុងនាមជាប្រធានអាស៊ាន រដ្ឋាភិបាលកម្ពុជាបានបានរួមចំណែកយ៉ាងសំខាន់ ជាមួយថ្នាក់ដឹកនាំទាំងក្នុងតំបន់និងពិភពលោកដើម្បីសម្របសម្រួលនិងដោះស្រាយនូវវិបត្តិទាំងឡាយដោយរួមទាំងវិបត្តនៅមីយ៉ាន់ម៉ា, ការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន និងវិបត្តសាកល នានាជាច្រើនទៀត។ ការណ៍នេះ បានបង្ហាញឱ្យឃើញនូវការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វនៃ នយោបាយការបរទេសផ្កាចម្រុះពណ៌របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ពិភពលោកបានបិទបញ្ចប់នូវការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ ក៏ដូចជាការរត់ប្រណាំង មនោគមន៍វិជ្ជារវាងប្លុកសេរី និងប្លុកកុម្មុយនីស្តតាំងពីដើមទស្សវត្សរ៍ទី៩០មក គឺផ្តើមចេញពីពេល នោះហើយដែលសហរដ្ឋអាម៉េរិក បានដើរតួនាទីយ៉ាងសកម្មក្នុងការកាច់ចង្កូតពិភពលោកនាមជា មហាអំណាចពិភពលោក និងបានរៀបចំនូវសណ្តាប់ធ្នាប់ពិភពលោកតែឯង។ ក៏ប៉ុន្តែ នារយៈពេល ចុងក្រោយនេះ ពិភពលោកបានឈានមកដល់របត់ថ្មីមួយទៀត ដែលហាក់ស្តែងឡើងក្នុងរូបភាពនៃ ការប្រកួតប្រជែងឥព្ធិពលគ្នារវាងមហាអំណាច ហាក់បីដូចជាការលាប់ឡើងវិញនៃសង្គ្រាមត្រ ជាក់ក្នុងរូបភាពថ្មី៕