(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ទៅកាន់ឯកអគ្គរដ្ឋទូត អូស្ត្រាលីចប់អាណត្តិការងារនៅកម្ពុជា លោក ប៉ាប្លូ កាង ថា សិទ្ធិរស់រៀនមានជីវិត គឺជាអាទិភាព ដ៏ចាំបាច់បំផុតសម្រាប់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានការគូសរំលេចពីអាទិភាពនៃការរស់រៀនមានជីវិតក្នុងនយោបាយដឹក នាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងពេលសម្តេចអនុញ្ញាតឱ្យលោក ប៉ាប្លូ កាង ជួបជម្រាបលាគ្រាដែល រូបបញ្ចប់បេសកកម្មការងារជាឯកអគ្គរដ្ឋទូតអូស្ត្រាលីនៅកម្ពុជា នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នេះ។ ទន្ទឹមនឹងការរំលឹកដល់ភាពចាំបាច់នៃសិទ្ធិរស់រៀនមានជីវិតនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី ដែលបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងឧបករណ៍សម្រាប់រក្សាវ៉ាក់សាំង។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកជំនួយវ៉ាក់សាំងបង្ការជំងឺ កូវីដ១៩ គឺជាជំនួយដ៏មានតម្លៃបំផុត សម្រាប់គាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ជាពិសេសការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ១៩។
បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានដកស្រង់ប្រសាសន៍សម្តេច មកបញ្ជាក់យ៉ាងដូច្នេះ «សិទ្ធិរស់រៀនមានជីវិត គឺសំខាន់បំផុតសម្រាប់កម្ពុជា។ បើគ្មានសិទ្ធិរស់ រៀនមានជីវិតទេ មិនចាំបាច់និយាយដល់សិទ្ធិដទៃទៀតនោះឡើយ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីការអនុញ្ញាតឱ្យនាវាវេស្ទើដាមចូលចតនៅកម្ពុជា កាលពីឆ្នាំ ២០២០ផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា ការអនុញ្ញាតឱ្យនាវាវេស្ទើដាមចូលចតនោះ ជាសក្ខី ភាព និងបង្ហាញឱ្យឃើញច្បាស់ពីការផ្តល់តម្លៃរបស់កម្ពុជា ដល់ភាពចាំបាច់នៃការរស់រៀន មានជីវិត៕