សម្តេចតេជោ ហ៊ុន សែន ពេញចិត្តនឹងសមិទ្ធផលកម្ពុជា និងកូរ៉េ ក្នុងអាណត្តិការងារលោកឯក អគ្គរដ្ឋទូត ប៉ាក ហឹងឃ្យង

 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងនូវការសាទរ និងពេញចិត្តជា ខ្លាំង ចំពោះសមិទ្ធផលកើតចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េខាងត្បូង នៅក្នុងអាណត្តិការងារជាឯកអគ្គរដ្ឋទូតរបស់លោក ប៉ាក ហឹងឃ្យង។

បន្ទាប់ពីបានចូលមកបំពេញការងារជាឯកអគ្គរដ្ឋទូតរបស់កូរ៉េខាងត្បូងប្រចាំនៅកម្ពុជា កាលពីកំលុង ឆ្នាំ២០១៩មកនោះ លោក ប៉ាក ហឹងឃ្យង នឹងត្រូវបញ្ចប់អាណត្តិការងាររបស់លោកនៅចុងឆ្នាំ ២០២២នេះហើយ។

ក្នុងពេលបំពេញការងារនៅកម្ពុជា លោក ប៉ាក ហឹងឃ្យង បានយកចិត្តទុកដាក់ចំពោះតួនាទីរបស់ ខ្លួន ហើយបានរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េខាងត្បូង ឱ្យកាន់តែល្អប្រសើរ។

ជាមួយនឹងការបញ្ចប់បេសកកម្មការងារនៅកម្ពុជា នៅរសៀលថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ លោក ប៉ាក ហឹងឃ្យង ទទួលបានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន ឱ្យលោកចូលជួប ជម្រាបលា។

ក្នុងឱកាសចូលជួបជម្រាបលានសម្តេចតេជោ, ឯកអគ្គរដ្ឋទូតចប់អាណត្តិការងាររូបនេះ បានសម្តែង ការអបអរសាទរ ជូនសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំកិច្ចប្រជុំ កំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងកិច្ចកំពូលអាស៊ាន-សហភាពអឺរ៉ុប ទទួលបាន ជោគជ័យយ៉ាងត្រចះត្រងចង់។

លោកឯកអគ្គរដ្ឋទូត ក៏បានគោរពអរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចតេជោ ហ៊ុន សែន មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការល្អ ញ៉ាំងឱ្យបេសកកម្មការទូតរបស់ លោកនៅកម្ពុជា ទទួលបានជោគជ័យ ធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរកាន់តែល្អប្រសើរ។

ក្នុងកំលុងបំពេញបេសកកម្មការទូតនៅកម្ពុជា លោក ប៉ាក ហឹងឃ្យង បានសម្រេចនូវការងារជា ឧត្តមប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនកម្ពុជា-កូរ៉េខាងត្បូងជាច្រើន។ ជាពិសេសលោក បានសម្របសម្រួលរៀបចំឱ្យមានដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់ប្រទេសកូរ៉េ និង ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េ មកកាន់ប្រទេសកម្ពុជា។ បន្ថែមពីលើនោះ លោកក៏បាន សម្របសម្រួលឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា និងឈានដល់ កិច្ចព្រមព្រៀង សាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ។

សមិទ្ធផលទាំងអស់នេះ ជាចំណែកដ៏សំខាន់សម្រាប់ការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិ បត្តិការរវាងកម្ពុជា និងកូរ៉េខាងត្បូង។

សម្តេចតេជោ ហ៊ុន សែន បានអរគុណលោកឯកអគ្គរដ្ឋទូត និងរដ្ឋាភិបាលកូរ៉េ ដែលបានគាំទ្រភាព ជាប្រធានអាស៊ានរបស់កម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្តែងក្តីរីករាយជាមួយសមិទ្ធ ផលធំៗ ដែលកើតចេញពីទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងកូរ៉េ។

សម្តេចតេជោ បានគូសបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលនឹងសាងសង់តភ្ជាប់រវាងរាជធានី ភ្នំពេញ និងអរិយក្សត្រខេត្តកណ្តាល ជាសារបញ្ជាក់អំពីទំនាក់ទំនងល្អរវាងកម្ពុជា និងកូរ៉េខាងត្បូង។

សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរឱ្យលោក ប៉ាក ហឹងឃ្យង ទទួលបានជោគជ័យក្នុងបេសកម្ម បន្តបន្ទាប់របស់លោក៕