(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២នេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃមជ្ឈមណ្ឌល សកម្មភាពកំចាត់មីនថៃ (TMAC) ដឹកនាំដោយ លោកឧត្តមសេនីយ៍ Supathat Narindarabhakdi អគ្គនាយក TMAC ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការបោសសម្អាតមីននៅតំបន់ព្រំដែនកម្ពុជា-ថៃ។
ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានប្រាប់ភាគីថៃ អំពីចក្ខុវិស័យដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់សន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍ ក្នុងនោះការងារបោសសម្អាតមីន គឺជាកិច្ចការចាំបាច់មួយ ហើយអាជ្ញាធរ មីន ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាល នឹងដើរតួនាទីជាអ្នកសម្របសម្រួលក្នុងការងារបោស សម្អាតមីននេះ។
អាជ្ញាធរមីន នឹងបន្តផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអង្គភាព TMAC ថៃ ដើម្បីពន្លឿនដល់ការ ងារបោសសម្អាតមីននៅតាមបណ្តោយព្រំដែន ដែលកិច្ចការនេះ អាជ្ញាធរមីននឹងត្រូវសហការជាមួយ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមានកងទ័ពជើងគោក មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សា សន្តិភាព(NPMEC) និងអង្គភាពស៊ីម៉ាក់ ដើម្បីផលប្រយោជន៍រួមនៃប្រទេស និងប្រជាជនទាំងពីរ។
លោកបានបន្តលើកឡើងថា ប្រទេសកម្ពុជា និងប្រទេសថៃ សុទ្ធតែបានដាក់ចេញនូវទស្សនវិស័យ ដូចគ្នាក្នុងការបញ្ចប់ការងារបោសសម្អាតមីនឲ្យអស់ពីទឹកដីរៀងៗខ្លួន ដែលកម្ពុជាប្រកាសនឹងអស់ មីនឆ្នាំ២០២៥ និងថៃប្រកាសនឹងអស់មីនឆ្នាំ២០២៦ ព្រមទាំងបានបង្ហាញបំណងក្នុងការផ្លាស់ប្តូរ បទពិសោធន៍លើការងារបោសសម្អាតមីន និងកិច្ចការសង្រ្គោះជនពិការដោយសារមីន ផងដែរ៕