(ព្រះវិហារ)៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា កម្ពុជាបានឈាន មកដល់បរិបទ រក្សាឈើឈរដើម្បីបង្កើនចំណូល សម្រាប់ការអភិរក្ស និងអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន» តាមរយៈការអនុវត្តគម្រោងរេដបូក (REDD+) បានផ្តល់ផលប្រយោជន៍ជូនប្រជាសហគមន៍ក្នុង តំបន់ការពារធម្មជាតិតាមរយៈ ការកសាងផ្លូវ ការបំពាក់ប្រព័ន្ធទឹកស្អាត ការដាំដំណាំកសិកម្ម ការ ផ្តល់ពូជសត្វ មធ្យោបាយ និងសម្ភារសម្រាប់ការល្បាតព្រៃជាដើម។
ការបញ្ជាក់បែបនេះ របស់ ឯកឧត្តម សាយ សំអាល់ បានធ្វើឡើងក្នុងឱកាសដែលលោកបាន អញ្ជើញចុះពិនិត្យការធ្វើសារពើភណ្ឌព្រៃឈើនៅក្នុងឡូតិ៍គំរូ ដើម្បីវាស់ BIOMASS ដើម្បីគណនា បរិមាណកាបូនស្តុក នៅក្នុងព្រៃសម្រាប់ការធ្វើរេដបូក ស្ថិតក្នុងភូមិក្រឡាសពាស ឃុំព្រីងទុំ ស្រុក ជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការចូលរួមពី ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ, ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។
ជាមួយគ្នានេះដែរ ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា ប្រទេសដែលមានសិទ្ធិទទួលផលពី គម្រោងរេដបូក (REDD+) គឺជាប្រទេសដែលប្រើប្រាស់ព្រៃឈើរបស់ខ្លួនប្រកបដោយនិរន្តរភាព។
ឯកឧត្តម រដ្ឋមន្ត្រី បានបន្ថែមថា កម្ពុជាបាននិងកំពុងអនុវត្តគម្រោងរេដបូក (REDD+) ដែលជាយន្ត ការអន្តរជាតិមួយសម្រាប់ជួយទប់ស្កាត់ការបាត់បង់ និងរេចរិលព្រៃឈើ និងចូលរួមកាត់បន្ថយ ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ តាំងពីឆ្នាំ២០០៧ តាមរយៈទីផ្សារកាបូនស្ម័គ្រចិត្ត បច្ចុប្បន្ន ប្រជាសហគមន៍ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងខេត្តមណ្ឌលគីរី ខេត្តក្រចេះ (គម្រោងរេដបូក កែវសីមា) ខេត្តកោះកុង និងពោធិ៍សាត់ (គម្រោងរេដបូកក្រវាញខាងត្បូង) ខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ (គម្រោងរេដបូកព្រៃទ្បង់)៕