មនុស្សម្នាក់ស្លាប់ និងជាច្រើននាក់រងរបួស ក្នុងហេតុការណ៍ផ្ទុះនៅឯប៉ុស្ដិ៍ប៉ូលិស នៅឥណ្ឌូណេស៊ី

 (ហ្សាការតា)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់ថា មនុស្សម្នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួស ក្នុងការហេតុ ការណ៍ផ្ទុះមួយ នៅឯប៉ុស្តិ៍ប៉ូលិសមួយកន្លែង ស្ថិតនៅ ក្នុងខេត្តជ្វាភាគខាងលិច (West Java) ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃពុធនេះ ភ្លាមៗបន្ទាប់ពីបុរសម្នាក់ប្រដាប់ដោយកាំបិត បានសម្រុកចូល ប៉ុស្តិ៍ប៉ូលិសខាងលើ។

បើតាមមន្ត្រីប៉ូលិសម្នាក់ក្នុងទីក្រុងបានឌុង (Bandung) ហេតុការណ៍ផ្ទុះខាងលើបានកើតឡើង ភ្លាមៗ ក្រោយបុរសម្នាក់ប្រដាប់ដោយកាំបិត សម្រុកចូលប៉ុស្តិ៍ប៉ូលិស នៅម៉ោង៨៖២០នាទីព្រឹកនេះ (ម៉ោងនៅឥណ្ឌូណេស៊ី)។ ចំណែកឯ មនុស្សម្នាក់ដែលត្រូវបានគេរាយការណ៍ថាស្លាប់ នោះ គឺជន ល្មើសតែម្ដង។

ប៉ុន្តែប៉ូលិសឥណ្ឌូណេស៊ីមិនបានផ្ដល់ព័ត៌មានលម្អិតអ្វីបន្ថែមនោះទេ ហើយក៏មិនទាន់មានក្រុមណា មួយចេញមុខអះអាងទទួលខុសត្រូវលើ ការវាយប្រហារនេះនោះដែរ៕