ប្រធានគណៈកម្មការអឺរ៉ុប ស្នើបង្កើតតុលាការឯកទេសមួយដើម្បីកាត់ទោសឧក្រិដ្ឋកម្មសង្គ្រាមរុស្ស៉ី


(ប្រ៊ុចសែល)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ អោយដឹងថា ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី អៀស៊ូឡា ហ្វុន ឌែរ ឡេយិន (Ursula von der Leyen) នៅថ្ងៃពុធនេះបានស្នើបង្កើតតុលាការឯកទេសមួយ ដើម្បីកាត់ទោស ឧក្រិដ្ឋកម្មសង្គ្រាមរុស្ស៊ី ដែលបានប្រព្រឹត្តនៅក្នុងប្រទេសអ៊ុយក្រែន។

លោកស្រី ហ្វុន ឌែរ ឡេយិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការឈ្លានពានរបស់ រុស្ស៊ីលើអ៊ុយក្រែនបាននាំមកនូវការស្លាប់ ការបំផ្លិចបំផ្លាញ និងការឈឺចាប់និយាយលែងចេញ។ រុស្ស៊ីត្រូវតែបង់ថ្លៃសម្រាប់ឧក្រិដ្ឋកម្មដ៏អាក្រក់របស់ខ្លួន រួមទាំងឧក្រិដ្ឋកម្មនៃការឈ្លានពានរបស់ខ្លួន ប្រឆាំងនឹងរដ្ឋអធិបតេយ្យមួយផងដែរ»

លោកស្រីបានបន្ថែមថា «នេះជាមូលហេតុ ដែលយើងបន្តគាំទ្រដល់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ យើងកំពុងស្នើឱ្យបង្កើតតុលាការឯកទេសមួយ ដែលគាំទ្រដោយអង្គការសហប្រជាជាតិ ដើម្បីស៊ើប អង្កេត និងកាត់ទោសឧក្រិដ្ឋកម្មឈ្លានពានរបស់រុស្ស៊ី»

ប្រធានគណៈកម្មការអឺរ៉ុបរូបនេះ បានប្តេជ្ញាថាសហភាពអឺរ៉ុបនឹងធ្វើការជាមួយសហគមន៍អន្តរជាតិ ហើយនឹងព្យាយាមដើម្បីទទួលបានការគាំទ្រ ពីអន្តរជាតិដ៏ទូលំទូលាយបំផុតដែលអាចធ្វើទៅបាន សម្រាប់តុលាការនេះ។

លោកស្រីបានបន្តថា រុស្ស៊ីត្រូវតែសងសំណងសម្រាប់ការខូចខាតប្រមាណ ៦០០ពាន់លានអឺរ៉ូ ដែលខ្លួនបានបង្កឡើងនៅអ៊ុយក្រែន៕