ថៃ រំពឹងថានឹងជំរុញឲ្យមេដឹកនាំទាំងអស់ ដោះស្រាយភាពខ្វែងគំនិតគ្នា ក្នុងកិច្ចប្រជុំកំពូល APEC

 (បាងកក)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៨ ខែ វិច្ឆិកា ឆ្នាំ២០២២ បញ្ជាក់ថា ប្រទេសថៃដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល APEC នឹងជំរុញដល់មេ ដឹកនាំទាំងអស់រួមគ្នាដោះស្រាយ «ការកើនឡើងលើភាពខ្វែងគំនិតគ្នា» ហើយផ្តោតលើការដោះស្រាយសេដ្ឋកិច្ចពិភពលោក ដែលកំពុងមានបញ្ហាដូចជាពាណិជ្ជកម្ម និងអតិផរណា។

APEC ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ច និងជាវេទិកាកិច្ចសហប្រតិ បត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ដែលមានចំណែក៣៨% នៃចំនួនប្រជាជនពិភពលោក និង ៦២% នៃផលិតផលក្នុងស្រុកសរុប និង៤៨% នៃពាណិជ្ជកម្មសកល។

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង កំពុងចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ខណៈសហរដ្ឋអាមេរិកត្រូវ បានតំណាងដោយអនុប្រធានាធិបតី គឺ លោកស្រី កាម៉េឡា ហារីស (Kamala Harris)។ ប្រទេសថៃសង្ឃឹមថានឹងធ្វើឲ្យមានវឌ្ឍនភាពលើការបង្កើតតំបន់ពាណិជ្ជកម្មសេរី នៃតំបន់អាស៊ីប៉ា ស៊ីហ្វិក ហៅកាត់ថា FTAAP ចំពោះមុខភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ជុំវិញសង្រ្គាម នៅអ៊ុយក្រែន និងចំណុចសំខាន់ៗផ្សេងទៀត ដូចជាតៃវ៉ាន់ និងឧបទ្វីបកូរ៉េ ជាដើម។

រដ្ឋមន្រ្តីការបរទេសថៃ លោក ដន ប្រាមូតវីណៃ (Don Pramudwinai) បាននិយាយនៅថ្ងៃ ព្រហស្បតិ៍សប្តាហ៍នេះថា កិច្ចប្រជុំនៃប្លុកដែលមានសមាជិកទាំង២១ប្រទេសនេះ កំពុងប្រព្រឹត្តទៅ ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងហានិភ័យជាច្រើន។ លោក ប្រាមូតវីណៃ បានគូស បញ្ជាក់ថា «នោះហើយជាមូលហេតុដែល APEC នៅឆ្នាំនេះត្រូវប្រឈមមុខចំពោះបញ្ហាទាំងអស់ ហើយផ្តល់ក្តីសង្ឃឹមដល់ពិភពលោកទាំងមូល»

គួរបញ្ជាក់ថា សន្តិសុខត្រូវបានរឹតបន្តឹងនៅឯកិច្ចប្រជុំកំពូល APEC ក្នុងទីក្រុងបាងកក នៃប្រទេសថៃ ខណៈក្រុមបាតុករប្រឆាំងរដ្ឋាភិបាលប្រហែល ១០០នាក់ បានប្រមូលផ្តុំគ្នា ហើយគ្រោងនឹងដង្ហែក្បួន នៅឯកន្លែងប្រជុំ៕