ប៉ូលិសថៃប្រើប្រាស់គ្រាប់កាំភ្លើងជ័រ ដើម្បីបំបែកក្រុមបាតុករ ដែលប្រឆាំងកិច្ចប្រជុំ APEC នៅទីក្រុងបាងកក


 (បាងកក)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២បានបញ្ជាក់ថាមន្រ្តីប៉ូលិសដែលដឹកនាំការរក្សាសន្តិសុខ សម្រាប់ព្រឹត្តិការណ៍ APEC បានឱ្យដឹងថា កងកម្លាំងប៉ូលិសថៃ បានប្រើប្រាស់គ្រាប់កាំភ្លើងជ័រ ដើម្បីបាញ់បំបែកក្រុមបាតុករ ដែលបានប្រមូលផ្តុំគ្នានៅក្បែរទីតាំងនៃកិច្ចប្រជុំកំពូលនេះ នៅក្នុងទីក្រុងបាងកក។ មន្រ្តីប៉ូលិសថៃខាងលើគឺលោក អាស៉ីយ៉ាន ក្រៃថង (Ashyan Kraithong) បានប្រាប់ថា មាន បាតុករចំនួនប្រហែល៣៥០នាក់ បាននាំគ្នាប្រមូលផ្តុំតវ៉ា ហើយប៉ះទង្គិចគ្នាជាមួយកងកម្លាំងប៉ូលិស នៅចម្ងាយប្រមាណជា១០គីឡូម៉ែត្រ ពីទីកន្លែងដែល​ក្រុមមេដឹកនាំនៃប្រទេសកិច្ចសហប្រតិបត្តិ ការសេដ្ឋកិច្ច អាស៉ី-ប៉ាស៉ីហ្វិក ហៅកាត់ថា APEC ចាប់ផ្តើមកិច្ចប្រជុំកំពូលរយៈពេល២ថ្ងៃ គឺពីថ្ងៃ សុក្រនេះដល់ថ្ងៃសៅរ៍ស្អែក។

ឃ្លីបវីដេអូនៅលើបណ្តាញសង្គមបានបង្ហាញឱ្យឃើញពី ទិដ្ឋភាពក្រុមបាតុករព្យាយាមក្រឡាប់ រថយន្តប៉ូលិស១គ្រឿង ខណៈខ្លះទៀត គ្រវែងវត្ថុផ្សេងៗនិងរត់សម្រុកចូលទៅរកប៉ូលិស ខណៈ ក្រុមប៉ូលិសដែលស្ថិតក្នុងឈុតបង្រ្កាបកុបកម្ម ហើយបំពាក់ដោយខែលការពារនិងដំបង ក៏បាន តទល់គ្នាជាមួយពួកគេ។

ខាងក្រុមសកម្មជនបានអះអាងថា ប្រជាជននាំគ្នាធ្វើបាតុកម្មនេះ ដើម្បីប្រឆាំងនឹងកិច្ចប្រជុំ APEC និងដើម្បីប្រឆាំងនាយករដ្ឋមន្រ្តីថៃផ្ទាល់ គឺលោក ប្រាយុទ្ធ ចាន់អូចា ហើយបានចោទប្រកាន់ប៉ូលិស ថា ប្រើចំណាត់ការឆ្លើយតបជ្រុលហួសហេតុ។ ចំណែកឯខាងប៉ូលិសវិញបានអះអាងថា ក្រុម បាតុករបានបំពានច្បាប់ និងប្រើហិង្សាមកលើរបស់ខ្លួន ដោយមន្រ្តីប៉ូលិសយ៉ាងហោច៥នាក់ បាន ទទួលរងរបួស។ ជាមួយគ្នានេះ ប៉ូលិសថៃក៏បានឃាត់ខ្លួនអ្នកតវ៉ា ១០នាក់ផងដែរ។

គួរបញ្ជាក់ថា កិច្ចប្រជុំ APEC គឺជាកិច្ចប្រជុំកំពូលទី៣ហើយ ដែលប្រារព្ធឡើងក្នុងតំបន់ នារយៈ ពេលមួយសប្តាហ៍កន្លងមកនេះ គឺបន្ទាប់ពី​កិច្ចប្រជុំកំពូលអាស៊ាន ដែលបានប្រព្រឹត្តទៅនៅទីក្រុង ភ្នំពេញនៃប្រទេសកម្ពុជា និងកិច្ចប្រជុំកំពូល G20 នៅកោះបាលីនៃប្រទេសឥណ្ឌូណេស៊ី៕