(អារ៉ាប់អេហ្ស៉ីប)៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអំពាវនាវឱ្យប្រទេស បញ្ចេញឧស្ម័នផ្ទះកញ្ចក់ខ្ពស់ ឱ្យបង្ហាញភាពជាអ្នកដឹកនាំ និងទទួលខុសត្រូវខ្ពស់ ដោយបង្កើន មហិច្ឆតាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបង្កើនវិធានការបន្ស៊ាំនឹងការប្រែប្រួលអាកាស ធាតុ ជាពិសេសការប្តេជ្ញាចិត្តផ្តល់ថវិកា ១០០ពាន់លានដុល្លារ ដូចដែលបានសន្យា ឱ្យបានលឿន និងជាក់ស្តែង និងពន្លឿនការផ្ទេរបច្ចេកវិទ្យាដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីដោះស្រាយបញ្ហាប្រែ ប្រួលអាកាសធាតុ។
ការអំពាវនាវបែបនេះ របស់ ឯកឧត្តម សាយ សំអាល់ បានធ្វើឡើងក្នុងឱកាសដែលលោកបាន អញ្ជើញថ្លែងសុន្ទរកថាក្នុងសន្និសីទកំពូលលើកទី២៧ នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជា ជាតិស្តីពីការប្រែប្រួលអាកាសធាតុ នាថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុង Sharm el-Sheikh សាធារណរដ្ឋ អារ៉ាប់អេហ្ស៉ីប។
នាឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្ត្រីបរិស្ថានកម្ពុជា បានគូសបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាន ប្តូរវន្ត កម្ពុជាបានផ្តួចផ្តើម កិច្ចព្រមព្រៀងបៃតង (ASEAN Green Deal) ដែលជាគំនិតផ្តួចផ្តើម ប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីតម្រង់ទិស អាស៊ាន ឱ្យស្ថិតនៅលើមាគ៌ាអភិវឌ្ឍន៍បៃតង និងដោយចីរភាព។
ឯកឧត្តម សាយ សំអាល់ បានឱ្យដឹងថា ដោយសារសុខសន្តិភាព ស្ថិរភាពនយោបាយ និង កំណើន សេដ្ឋកិច្ច០២ទស្សវត្សចុងក្រោយកម្ពុជា បានប្រែក្លាយពីប្រទេសចំណូលទាប ទៅជាប្រទេសចំណូល មធ្យមកម្រិតទាប និងកំពុងវិវឌ្ឍទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ដែលប្រការនេះបានផ្តល់ ឱកាសឱ្យកម្ពុជាបើកទំព័រថ្មី ក្នុងនាមជារដ្ឋអធិបតេយ្យ ជាសមាជិកពេញមុខពេញមាត់នៃសហគមន៍ ប្រជាជាតិ ក្នុងការចូលរួមទប់ស្កាត់វិបត្តិសកលនានា។
ទន្ទឹមនឹងនេះ ឯកឧត្តម រដ្ឋមន្ត្រីបានបញ្ជាក់ថា ស្របពេលជាមួយគ្នានេះ ការប្រែប្រួលអាកាសធាតុ កំពុងញាំញីដល់ដំណើរការអភិវឌ្ឍន៍ដោយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទ្រព្យសម្បត្តិ និង ជីវិតមនុស្ស សត្វ។
ឯកឧត្តម សាយ សំអាល់ បានបន្តថា ជាការឆ្លើយតបកម្ពុជាបានធ្វើបដិភាគថវិកាប្រមាណ ២,៣% នៃផលិតផលក្នុងស្រុកសុរប (GDP) សម្រាប់សកម្មភាពប្រែប្រួលអាកាសធាតុ បង្កើនការប្រើប្រាស់ ថាមពលកកើតឡើងវិញ ការពារព្រៃឈើ និងរៀបចំលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ ផែន ការនានាជាអាទិ៍ យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន និងរបាយការណ៍ បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដែលនឹងរួមចំណែកគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព បើទោះជាមានការ ប្រែប្រួលអាកាសធាតុក្តី៕