(ភ្នំពេញ)៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ជួយបាញ់ទឹកពន្លត់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦៖៣០នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ស្ថិតនៅភូមិឡរកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បាន ប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកកាន់លេខ៦៦៦ ថា មាន អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ភ្លាមៗនោះលោកក៏បានបញ្ជាទៅរថយន្តពន្លត់អគ្គិ ភ័យនៅគ្រប់គោលដៅទាំងអស់ក្នុងរាជធានីភ្នំពេញ ចេញជួយអន្តរាគមន៍សង្គ្រោះ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា ចំពោះគ្រោះអគ្គិភ័យខាងលើនេះ ដោយសារតែទីតាំង ឆាបឆេះពិបាកក្នុងការអន្តរាគមន៍ ដោយសារតែស្ថានភាពផ្លូវនៅចំណុចខាងលើនោះតូចចង្អៀត ពិបាកឲ្យរថយន្តពន្លត់អគ្គិភ័យ ចូលទៅអន្តរាគមន៍ដល់គោលដៅ។ ជាក់ស្ដែង កម្លាំងសមត្ថកិច្ច ជំនាញពន្លត់អគ្គិភ័យ ត្រូវធ្វើការអូសទាញទុយោទឹកចូលទៅកាន់ទីតាំងដែលកំពុងតែឆាប់ឆេះនោះ ដើម្បីធ្វើការបាញ់ពន្លត់ទប់ស្កាត់មិនឲ្យមានអណ្ដាតភ្លើងឆាបឆេះរាលដាលដល់ផ្ទះរបស់ប្រជាពលរដ្ឋដែលនៅក្បែរទីតាំងកើតហេតុ។
ក្នុងប្រតិបត្តិការខាងលើនេះកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១៩គ្រឿង ប្រើប្រាស់ទឹកអស់១៩ឡាន, រថយន្តជំនួយមកពី រថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌឬស្សីកែវ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១ឡាន និងរថយន្តពន្លត់អគ្គិភ័យផ្សារទំនើប អូឡាំងព្យា ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន។
ចំពោះករណីអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី ធ្វើឲ្យខូចខាតផ្ទះអស់ចំនួន៦ ខ្នងទាំងស្រុង ដែលសង់អំពី ថ្មក្រោមឈើលើ តែមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួស និងប៉ះ ពាល់ដល់អាយុជីវិតនោះឡើយ។
លោករសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងងសង្គ្រោះ នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាយក ចិត្តទុកដាក់ក្នុងការប្រើប្រាស់ចរន្តអគ្គិសនីដូចជាការចាកចេញពីលំនៅដ្ឋាន ត្រូវតែបិទប្រឡែត ភ្លើងឲ្យបានត្រឹមត្រូវ មើលភ្លើងធូក ភ្លើងទៀន។ល។ មុននឹងធ្វើការចាកចេញពីលំនៅដ្ឋាន៕