សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្តល់អំណោយជូនកុមារកំព្រា២៥០នាក់ នៅខេត្តកំពង់ស្ពឺ

 (កំពង់ស្ពឺ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានផ្តល់អំណោយមួយចំនួនធំ ជូនដល់កុមារកំព្រាប្រមាណ ២៥០នាក់ នៅក្នុងខេត្តកំពង់ស្ពឺ នៅតាមមណ្ឌលថែទាំកុមារ ដើម្បី ទ្រទ្រង់ដំណើរការនៅក្នុងមណ្ឌល។

អំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ត្រូវបានឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈ កម្មការអង្កេត និងបោសសំអាត ប្រឆាំងអំពើរពុករលួយ នៃព្រឹទ្ធសភា យកទៅប្រគល់ជូនដល់ មណ្ឌលថែទាំកុមារ និងជូនកុមារកំព្រានៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ឯកឧត្តម ម៉ម ប៊ុននាង បានថ្លែងថា ចៅៗបាត់បង់ឪពុក ឬម្តាយ និងក្រុមគ្រួសារទាំងមូល តែសូម ចៅៗមិនត្រូវបាក់ទឹកចិត្តទេ ពីព្រោះចៅៗនៅមានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធ សភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលតែងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខ មាលភាពរបស់ចៅៗ។

ឯកឧត្តម បន្ដទៀតថា ចៅៗនៅមានថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅចាំការពារនិង ថែរក្សាពិសេសចៅៗ នៅមានម៉ែដោះនៅចាំមើលថែរក្សា និងស្រឡាញ់ចៅៗ ដូចជាកូនបង្កើត របស់ខ្លួនឯង ផ្តល់ភាពកក់ក្តៅនិងជួយបីបាច់ថែរក្សាឲ្យចៅៗបានចូលសិក្សារៀនសូត្រ។

មន្ត្រីជាន់ខ្ពស់នៃគណកម្មការទី១០នៃព្រឹទ្ធសភា លោក ម៉ម ប៊ុននាង បានលើកឡើងបន្ថែមថា ចៅៗ គ្មានអ្វីត្រូវបារម្ភទេ ព្រោះចៅមានអ្នកគិតគូរ និងថែរក្សាហើយ ដូច្នេះអ្វីដែលចៅត្រូវធ្វើបន្ត ដើម្បី អនាគតភ្លឺស្វាង គឺត្រូវយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រស្ដាប់ការណែនាំរបស់លោកគ្រូ អ្នកគ្រូ មាតាបិតានិងត្រូវធ្វើខ្លួនជាកូនល្អ សិស្សល្អ ក្លាយជាទំពាំងស្នងឬស្សីជាពិសេសត្រូវជៀសឲ្យឆ្ងាយ ពីគ្រឿងញៀននិងក្រុមបងតូចបងធំ។ មួយវិញទៀតចៅៗត្រូវចេះស្រឡាញ់រាប់អានគ្នា ចេះសាមគ្គី គ្នា ចេះជួយគ្នាទៅវិញទៅមក និងចេះរស់នៅប្រាកបដោយអនាម័យ ព្រោះអនាម័យនាំឲ្យយើងមាន សុខភាពល្អ អនាម័យនាំឲ្យយើងជៀសផុតពីជំងឺឆ្លងនានា អនាម័យនាំឲ្យសេដ្ឋកិច្ចយើងរីកចម្រើន។

យោងតាមតាមរបាយការណ៍របស់អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា កុមារកំព្រាដែលទទួលបាន ការយកចិត្តទុកដាក់ពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ មកពីមណ្ឌលចំនួន៤ ក្នុងនោះកុមារកំព្រា មណ្ឌលកំពង់ស្ពឺ សមាគមន៍ផ្ទះជាក្រុម កុមារកំព្រានួនអកព្រៃជុំ និងមណ្ឌលបណ្តុះបណ្តាលថែ រក្សាកុមារ សរុបប្រមាណ២៥០នាក់ ដោយក្នុងនោះមាន អង្ករ សម្ភារៈសិក្សា ថ្នាំពេទ្យ និងថវិកាមួយ ចំនួន៕