អ្នកនាំពាក្យអគ្គស្នងការដ្ឋាន អោយដឹងថា យានយន្ត ១៣៦គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២


 (ភ្នំពេញ)៖ យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ១៣៦គ្រឿងទៀត ត្រូវបាននគរបាល ទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងនោះមានម៉ូតូ ១២៦គ្រឿង និងរថយន្ត ១០គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់អោយដឹង។

បើតាមអ្នកនាំពាក្យ, គិតថ្ងៃទី០៦ ខែវិច្ឆិកា ក្នុងឆ្នាំ២០២២នេះ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១៣៥,៦៥៨គ្រឿង ក្នុងនោះមានម៉ូតូ ១០៨,៩៥២គ្រឿង និងរថយន្តគ្រប់ប្រភេទ ២៦,៧០៦គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក ល្មើសសញ្ញា ទូរស័ព្ទ និងអត់ស្លាក លេខជាដើម។ ដោយឡែករថយន្តរួមមាន៖ ល្មើសសញ្ញា អត់ប័ណ្ណបើកបរ ខ្សែក្រវ៉ាត់ អាជីវកម្ម ល្មើសល្បឿន ទូរស័ព្ទ និងអត់ស្លាកលេខជាដើម។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើ ប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែង ជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស កម្ពុជាក៏បានកើតឡើងចំនួន ០៧លើក ក្នុងនោះស្លាប់ចំនួន ០៥នាក់ របួសចំនួន ០៥នាក់ (របួសធ្ងន់ ចំនួន ០៤នាក់)។ រយៈពេល៣១០ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២,៥៣៤លើក បណ្ដាល ឱ្យមនុស្សស្លាប់ ១,៤៧៣នាក់ របួស ៣,៤៧៤នាក់ (របួសធ្ងន់ ២,២០០នាក់)៕