(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ឆ្នាំ២០២២ គឺ កូរ៉េខាងជើង នៅថ្ងៃចន្ទសប្ដាហ៍នេះបានស្នើឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បញ្ឈប់ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ដោយចាត់ទុកថាវាជាទង្វើ បង្កហេតុដែលនឹងជំរុញ ឱ្យមានការចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ពីទីក្រុងព្យុងយ៉ាង។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ក្រសួង ការបរទេសកូរ៉េខាងជើង បានគូសបញ្ជាក់ដូច្នេះថា «ស្ថានភាពនៅលើ តំបន់ឧបទ្វីបកូរ៉េ និងតំបន់ ជុំវិញ បានឈានចូលដល់ដំណាក់កាលប្រឈមមុខដាក់គ្នាយ៉ាងធ្ងន់ធ្ងរ ដោយសារតែសកម្មភាព យោធាយ៉ាងគឃ្លើនរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង…បើសហរដ្ឋអាមេរិកពិតជាចង់បញ្ចៀស ស្ថានការណ៍អាក្រក់ ដែលមិនអំណោយផលដល់សន្តិសុខរបស់ខ្លួន ពួកគេគួរតែបញ្ឈប់ការធ្វើសម យុទ្ធដែល គ្មានប្រយោជន៍ និងប្រសិទ្ធភាព តែបើពុំដូច្នោះទេ ពួកគេនឹងត្រូវទទួលខុសត្រូវ គ្រប់យ៉ាង ចំពោះផលវិបាកដែលអាចនឹងកើតឡើង»៕