សម្តេចតេជោ ហ៊ុន សែន លើកឡើងថា រដ្ឋមន្ត្រីកសិកម្មមិនបាច់ចេះជំនាញកសិកម្ម ទើបតែងតាំង បាននោះទេ តែត្រូវទាមទារភាពជាអ្នកដឹកនាំ ចេះប្រើមន្ត្រី និងដាក់ចេញសកម្មភាពការងារបានល្អ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ បានថ្លែងឆ្លើយតប ចំពោះមតិមួយចំនួន លើកឡើងអំពីការតែងតាំងរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី ឯកឧត្តម ឌិត ទីណា ដែលថា មិនព្រមតែងតាំងមន្ត្រីជំនាញកសិកម្ម មកធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម បែរជាយកវិស្វកររ៉ែ មកធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្មទៅវិញ, សម្តេចចាត់ទុកការលើកឡើងបែប នេះថា ខ្វះការចេះដឹង។

សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា វិស័យកសិកម្មមានច្រើន ហើយមិនមាននរណាម្នាក់ចេះ ពីកសិកម្មអស់នោះទេ ដូច្នេះការតែងតាំងរដ្ឋមន្ត្រីកសិកម្ម ពុំចាំបាច់ចេះជំនាញកសិកម្មឡើយ ប៉ុន្តែទាមទារតែងតាំងអ្នក ដែលមានភាពដឹកនាំច្បាស់លាស់ ចេះប្រើប្រាស់មន្ត្រីក្រោមឱវាទធ្វើការ និងដាក់ចេញនូវសកម្មភាពការងារបានល្អ។

សម្តេចតេជោ ហ៊ុន សែន បានលើកជាឧទាហរណ៍ជាក់ស្តែងខ្លួនសម្តេចផ្ទាល់ ដឹកនាំប្រទេសមិន ចេះជំនាញទាំងអស់នោះទេ ប៉ុន្តែអាចធ្វើឲ្យប្រទេសនេះមានភាពរីកចម្រើន និងអភិវឌ្ឍន៍។ សម្តេចបន្តថា សូម្បីតែវិស័យយោធាក៏សម្តេចមិនចេះអស់នោះដែរ ក្នុងនោះទ័ពជើងគោកមាន ជំនាញច្រើនមុខ ដូចជាទ័ពថ្មើរជើង កាំភ្លើងធំ រថក្រោះ ការពារអាកាសជាដើម។

សម្តេចបានផ្តាំដល់អ្នកវិភាគ និងអ្នកដែលលើកឡើងពីការតែងតាំងរដ្ឋមន្ត្រីកសិកម្ម កុំទាន់វាយ តម្លៃរហ័សពេក។

ការថ្លែងការពារលើការតែងតាំងរដ្ឋមន្ត្រីកសិកម្មនេះ ធ្វើឡើងក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធី ប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិកិច្ច ជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «អ្នកខ្លះបានលើកជាមតិថា មន្ត្រីកសិកម្មមិនព្រម យកទៅធ្វើរដ្ឋមន្ត្រីកសិកម្មទេ យកវិស្វកររ៉ែឯណាមកធ្វើរដ្ឋមន្ត្រី ជាការល្អហើយរដ្ឋមន្ត្រីកសិកម្ម គាត់ បង្រៀនត្រឡប់ទៅវិញ អ្នកឯងចេះកសិកម្មចេះអស់នៅ ស្អីខ្លះកសិកម្មនោះនិយាយឲ្យច្បាស់ ថ្ងៃ ក្រោយប្រយ័ត្នក្មេងវាប្រដៅ រឿងពិត! កសិកម្ម មិនមែនតែដាំស្រូវមួយមុខទេ […] ដោយសារភាព ច្រណែនឬអី បានជាអ្នកឯងចេញភាសានេះមក? អីចឹងជាការនិយាយចេញមកបង្ហាញពីការខ្វះភាពចេះដឹង អំពីអ្វីទៅដែលហៅថាភាពដឹកនាំនោះ។ ភាពជាអ្នកដឹកនាំអ្វីដែលសំខាន់ គឺចេះប្រើប្រាស់មន្ត្រី ដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ឲ្យធ្វើការ ដាក់ចេញនូវគោលនយោបាយឲ្យបានត្រឹមត្រូវតែប៉ុណ្ណោះទេ ខ្ញុំមិនប្រដៅអ្នកវិភាគ ឬអ្នកដែលលើក ឡើងនោះទេ ប៉ុន្តែខ្ញុំគួរតែរំលឹកថា កុំវាយតម្លៃរហ័សពេក ហើយក៏កុំគិតថាវាទាល់តែអញ ជាជំនាញ កសិកម្មទើបសមរម្យ»