(ឡុងដ៍)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២ អោយដឹងថា ខណៈក្រុមអ្នកគាំទ្រមួយចំនួន ចង់ឲ្យអតីតនាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) ត្រលប់មកដឹកនាំប្រទេសវិញ ក៏មានក្រុមអ្នករិះគន់ បានហៅ សកម្មភាពនេះ ថាជា «ការប្រមាថ» ដល់ប្រជាជនអង់គ្លេស ដែលបញ្ហានេះបានបន្ថែមភាពក្តៅគគុក លើនយោបាយអង់គ្លេស ដែលកំពុងពុះកញ្រ្ជោលរួចទៅហើយ នោះ។
នៅលើបណ្តាញសង្គម Twitter ក្រុមអ្នកគាំទ្រគណបក្សអភិរក្សកំពុងព្យាយាមទាញការចាប់អារម្មណ៍ ដោយការបង្ហោះសារ ដែលសរសេរថា #BringBorisBack ភ្លាមៗ បន្ទាប់ពីលោកស្រី លីស ត្រាស់ បានប្រកាសលាលែងពីតំណែង កាលពីយប់ថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់)។ ចំណែក សមាជិក សភាមួយរូប គឺលោក ប្រេនដាន់ ក្ល៊ឺកស្មីត (Brendan Clarke-Smith) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ អង់គ្លេស យ៉ាងដូច្នេះថា «នាយករដ្ឋមន្ត្រីបន្ទាប់ គឺត្រូវការ «អាណត្តិ» ពីអ្នកបោះឆ្នោត និងសមាជិក បក្ស ហើយ លោក ចនសុន គួរតែជា «អ្នកដែលអាចក្លាយជាអ្នកឈ្នះ»។
យ៉ាងនេះក្តី មេដឹកនាំបក្សប្រឆាំង លោក ខីយឺ ស្តាំមឺ (Keir Starmer) បានរំលឹកឡើងវិញនូវទស្សនៈ របស់លោក ថាលោក ចនសុន គឺមិនសមជាអ្នកដឹកនាំអង់គ្លេសឡើយ៕