(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ ខ្ពស់ព្រឹទ្ធសភា អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។
ទស្សនកិច្ចរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក វឿង ឌិញហ្វេ ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ នេះបើតាមសេចក្តីប្រកាស របស់ព្រឹទ្ធសភា។
ទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងពង្រឹងពង្រីក ចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិ ការរវាងប្រជាជន និងប្រទេសទាំងពីរ និងរវាងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងចូលរួមអបអរសាទរក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី៥៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម និងឆ្នាំមិត្តភាព កម្ពុជា-វៀត ណាម។ បើតាមសេចក្តីប្រកាសរបស់ព្រឹទ្ធសភាកម្ពុជា, អំឡុងពេលបំពេញទស្សនកិច្ចជាផ្លូវការនៅ សាធារណរដ្ឋសង្គមនិយមវៀតណាម សម្ដេចប្រធានព្រឹទ្ធសភា នឹងអញ្ជើញចូលជួបសម្ដែងការ គួរសម និងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម រួមមាន៖ លោក ង្វៀន ហ្វ៊ីចុង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀន ស៊ួនហ៊្វុក ប្រធានរដ្ឋវៀតណាម លោក វឿង ឌិញហ្វេ ប្រធានរដ្ឋសភាវៀតណាម និង លោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម ព្រមទាំងឥស្សរជន ជាន់ខ្ពស់វៀតណាមមួយចំនួន ទៀតផងដែរ៕