ទេសរដ្ឋមន្ត្រី គន់ គីម និងឯកឧត្តម ឌិត ទីណា ចុះចែកស្រូវពូជជាង ២០០តោន ជូនកសិករនៅ ខេត្តក្រចេះ


 (ក្រចេះ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២នេះ បានធ្វើដំណើររួមគ្នាចុះទៅចែកស្រូវពូជជូនប្រជាកសិករ រងគ្រោះ ដោយទឹកជំនន់នៅក្នុងខេត្តក្រចេះ។

ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការក្នុងខេត្តជាច្រើនរូបទៀត។

ស្រូវពូជដែលបានចែកជូនប្រជាកសិករនាព្រឹកមិញនេះ មានចំនួន ២០៥,៣៥០គីឡូក្រាម។ ស្រូវពូជនេះ បានចែកជូនប្រជាកសិករ ២,៧០២គ្រួសារ មកពីស្រុកឆ្លូង ស្រុកព្រែកប្រសព្វ ស្រុកសំបូរ ស្រុកចិត្របុរី និងក្រុងក្រចេះ។

ឯកឧត្តម វ៉ា ថន បានលើកឡើងក្នុងពិធីនោះថា ដោយមានការយកចិត្តទុកដាក់គិតគូរខ្ពស់ពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្ដល់ គ្រាប់ពូជស្រូវចំនួន ២៨១តោន ៦០០គីឡូក្រាម ស្មើនឹង ៣,៦៧៦ គ្រួសារ ដើម្បីស្តារលើផ្ទៃដី ២,៧៨៤,៤៩ហិកតា។ ក្នុងនោះ រដ្ឋបាលខេត្តចែកជូនប្រជាពលរដ្ឋលើកទី១ ចំនួន ៧៦តោន ២៥០គីឡូក្រាម ស្មើនឹង ៩៤០គ្រួសារ មកពីក្រុងក្រចេះ ស្រុកព្រែកប្រសព្វ និងស្រុកចិត្របុរី។ នៅព្រឹកថ្ងៃនេះ ស្រូវពូជ ចំនួន ២០៥,៣៥០គីឡូក្រាម បានប្រគល់ជូនប្រជាពលរដ្ឋចំនួន ២,៧០២ គ្រួសារបន្ថែមទៀត មកពីស្រុកឆ្លូង ស្រុកព្រែកប្រសព្វ ស្រុកសំបូរ ស្រុកចិត្របុរី និងក្រុងក្រចេះ មាន ២២ ឃុំ-សង្កាត់ ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ស្រូវពូជដែល ទទួលបានពីរាជរដ្ឋាបាលពេលនេះ គឺជាប្រភេទពូជស្រូវថ្មី មាន២ប្រភេទ គឺ ពូជសែនក្រអូប និងពូជ OM-៥៤៥១ ជាពូជស្រូវស្រាលមិនប្រកាន់រដូវ មានរយ:ពេលតែ ១១៥ថ្ងៃតែប៉ុណ្ណោះ ចាប់ពីដាំដុះ និងអាចប្រមូលផល។ តែមុននឹងយកទៅធ្វើការដាំដុះត្រូវ យកគ្រាប់ពូជស្រូវទាំងអស់នោះ ទៅ ហាលថ្ងៃសិន ដោយដាក់នឹងស្បៃដើម្បីឱ្យស្ងួតល្អ ចាំយកទៅត្រាំទឹកផ្អាប់ ដើម្បីឱ្យគ្រាប់ស្រូវដុះល្អ។

ក្នុងពិធីនោះឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានពាំនាំនូវការសាកសួរសុខទុក្ខ ក្តីនឹករលឹក និងការ អាណិតស្រលាញ់ប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋទាំងអស់ និងសម្តែងការសោកស្តាយ ចំពោះផលប៉ះពាល់របស់ប្រជាពលរដ្ឋកើតពីទឹកជំនន់។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានលើកបង្ហាញជូនប្រជាពលដ្ឋពីការគិតគូរ និងយកចិត្តទុកដាក់របស់ សម្តេចតេជោ ហ៊ុន សែន លើការងារស្តារឡើងវិញការដាំដុះរបស់ប្រជាកសិករ ដោយបានចាត់ ឱ្យមន្ត្រីជំនាញពាក់ព័ន្ធចុះវាយតម្លៃផលប៉ះពាល់បន្ទាន់ និងដឹកស្រូវពូជចែកជូនកសិករឱ្យបានលឿន បំផុត។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានជម្រាបកសិកររងគ្រោះដោយទឹកជំនន់ ពីការគិតគូរបញ្ចេញកញ្ចប់ ថវិកាជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋរងការលិចលង់រយៈពេលប្រមាណ៣ខែផងដែរ។

«ទាំងនេះជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះការលំបាករបស់បងប្អូនកសិករយើង។ បើទោះបីសម្តេចមមាញឹកនឹងកិច្ចការជាតិមិនបានចុះជួបផ្ទាល់ តែការនឹករលឹក ការគិតគូររបស់ សម្តេចទាំងទ្វេនៅជាមួយបងប្អូនកសិករយើងជានិច្ច»។ នេះជាការលើកឡើងរបស់ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ក្នុងពេលចែកពូជស្រូវ៕