(កៀវ)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២ គឺ មីស៊ីលរុស្ស៊ីបានវាយប្រហារគោលដៅហេដ្ឋារចនាសម្ព័ន្ធ នៅទូទាំងប្រទេសអ៊ុយក្រែន កាល ពីព្រឹកថ្ងៃអង្គារ (១៨ តុលា) ខណៈដែលទីក្រុងមូស្គូបានបង្កើននូវអ្វីដែលហាក់ដូចជា យុទ្ធនា ការដោយចេតនាដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល និងទឹក មុនពេលរដូវរងាមកដល់។
គ្រាប់មីស៊ីលបានវាយប្រហាររោងចក្រផលិតថាមពល នៅតាមទីក្រុងទីប្រជុំជនអ៊ុយក្រែនដែលមានមនុស្សរាប់លាននាក់រស់នៅ។ ទីក្រុងមូស្គូបានទទួលស្គាល់ការកំណត់គោលដៅទៅលើរោងចក្រថាមពលទាំងនោះ ខណៈដែល អ៊ុយក្រែនបាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធទឹកក៏ត្រូវបានវាយប្រហារផងដែរ។
លោក Kyrylo Tymoshenko អនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានប្រាប់ទូរទស្សន៍ អ៊ុយក្រែនថា «នៅពេលនេះស្ថានភាពនៅទូទាំងប្រទេសគឺធ្ងន់ធ្ងរណាស់…ប្រទេសទាំងមូលត្រូវតែត្រៀមខ្លួនសម្រាប់ការដាច់ចរន្តអគ្គិសនី ទឹក និងកំដៅ»។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃអង្គារនេះបាន ប្រកាសថា ប្រហែលជា ៣០ភាគរយ នៃស្ថានីយថាមពលនុយក្លេអ៊ែររបស់ប្រទេសលោក ត្រូវបានបំផ្លិចបំផ្លាញដោយសារ តែស្នាដៃរបស់រុស្ស៉ី គិតចាប់តាំងពីថ្ងៃទី១០ ខែតុលាមក ដែលប្រការនេះបាន បង្កជាបញ្ហាដាច់ចរន្ត អគ្គិសនី នៅពាសពេញប្រទេស។
លោកហ្សេលេនស្គីបានពិពណ៌នាការវាយប្រហាររបស់រុស្ស៉ីថាជា «អំពើភេរវកម្ម» ដែលមានគោលដៅលើ ហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធថាមពល។ លោកប្រធានាធិបតីអ៊ុយក្រែន បានបន្ថែមថា នាពេលនេះវាមិនមាននៅសល់ឱកាស ដើម្បីអង្គុយនៅ តុចរចាគ្នាដោយសន្តិវិធី ជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ទៀតឡើយ៕