(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការស្នើសុំឲ្យអ្នកវិនិយោគជនជាតិ កូរ៉េ មកវិនិយោគទុនលើវិស័យវាយនភ័ណ្ឌនៅកម្ពុជា ពិសេសនៅរាជធានីភ្នំពេញឲ្យបានច្រើន ដើម្បី ប្រជាពលរដ្ឋកម្ពុជាមានការងារធ្វើកាន់តែច្រើន មានជីវភាពកាន់តែធូរធាឡើង។
ការស្នើបែបនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ ខណៈដែល ឯកឧត្តម ឃួង ស្រេង បានជួបសម្តែងការគួរសមជាមួយលោក ជូ ណាក់យ៊ាំង (Joo Nak-young) អភិបាល ក្រុងឃ្យុងជូ នៃសាធារណរដ្ឋកូរ៉េ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានឲ្យដឹងថា ប្រទេសកម្ពុជាមានសន្តិភាពពេញបូរិបូណ៍ ហើយប្រជាពល រដ្ឋកម្ពុជា ក៏ជាអ្នកមានស្នាដៃច្រើន ក្នុងការងារលើវិស័យវាយនភ័ណ្ឌ បើប្រៀបធៀបកាលពីឆ្នាំ ១៩៩០ ។ ដូច្នេះលោកស្នើសុំ តាមរយៈលោកអភិបាលក្រុងឃ្យុងជូ នៃសាធារណរដ្ឋកូរ៉េ សូមជួយ ចលនាអ្នកវិនិយោគជនជាតិកូរ៉េ មកវិនិយោគទុនលើវិស័យវាយនភ័ណ្ឌនៅកម្ពុជា ពិសេសនៅរាជ ធានីភ្នំពេញឲ្យបានច្រើន។
ជាមួយគ្នានេះ ឯកឧត្តម បន្តថា ចំពោះការវិនិយោគលើវិស័យវាយនភ័ណ្ឌ រាជរដ្ឋាភិបាលកម្ពុជាក៏ បានអនុគ្រោះព័ន្ធផងដែរ។នេះពិតជាបានបង្កលក្ខណៈងាយស្រួលអោយអ្នកវិនិយោគទុនបរទេសមកវិនិយោគនៅស្រុកខ្មែរកាន់តែច្រើន។
លោក Joo Nak-young ក៏ឱកាសនោះបានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការស្នើ ឡើងរបស់ឯកឧត្តម ឃួង ស្រេង ដោយលោកបញ្ជាក់ថា លោកនឹងធ្វើការអំពាវនាវ ក៏ដូចជាការកៀរ គរ អ្នកវិនិយោគជនជាតិកូរ៉េពីទីក្រុងឃ្យុងជូ នៃសាធារណរដ្ឋកូរ៉េ ក៏ដូចជានៅទីក្រុងផ្សេងទៀត ឲ្យមកវិនិយោគទុនលើវិស័យវាយនភ័ណ្ឌ នៅរាជធានីភ្នំពេញឲ្យបានកាន់តែច្រើន ធ្វើយ៉ាងណាឲ្យ ទីក្រុងទាំង២ ប្រទេសទាំង២ កម្ពុជា-កូរ៉េ កាន់តែមានទំនាក់ទំនង កិច្ចសហប្រតិបត្តការគ្នាកាន់ តែល្អប្រសើរមួយកម្រិតថែមទៀត៕