អ៊ុយក្រែន អះអាងថារំដោះបានភូមិ និងក្រុងសរុបជាង ៦០០ ពីរុស្ស៉ីមកវិញ ក្នុងពេលមួយខែមកនេះ


(កៀវ)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២ គឺ កងកម្លាំងអ៊ុយក្រែនវាយរំដោះបានភូមិ និងក្រុងសរុបជាង ៦០០ ពីកងទ័ពរុស្ស៉ីមក វិញ ក្នុងនោះរួមមានទាំងភូមិ និងក្រុងយុទ្ធសាស្ត្រសំខាន់ៗ ចំនួន ៧៥ នៃតំបន់ខឺសុន (Kherson) ក្នុងរយៈពេលជាងមួយខែមកនេះ។

បើតាមរដ្ឋាភិបាលអ៊ុយក្រែន នៅក្នុងចំណោមភូមិ និងក្រុងដែលត្រូវបានរំដោះខាងលើ ក្នុងមានចំនួន ៥០២ ត្រូវបានរំដោះនៅតំបន់ខាងកៀវ ស្ថិតនៅ ភាគឦសាននៃប្រទេសជាទីដែលកងកម្លាំង អ៊ុយក្រែន បានវាយចូលយ៉ាងជ្រៅក្នុងទឹកដីដែលរុស្ស៉ីកាន់កាប់កាលពីខែកញ្ញា។ ចំណែកឯ ភូមិ និងក្រុង ចំនួន៤៣ផ្សេងទៀត ត្រូវបានរំដោះនៅក្នុងតំបន់ដូណេត និង ៧តំបន់នៅក្នុងតំបន់លូហាន ។ គួរបញ្ជាក់ថា មកទល់នឹងពេលនេះ កងកម្លាំងអ៊ុយក្រែននៅតែបន្តភាពរីកចម្រើននៅសមរភូមិនៃ តំបន់ភាគខាងកើត និងភាគខាងត្បូងនៃប្រទេស បើទោះជាទីក្រុងមូស្គូ ទើបតែកាត់យកតំបន់ចំនួន៤ ដូចជា Kherson, Donetsk, Luhansk រួមជាមួយ Zaporizhzhia បញ្ចូលក្នុងឧបសម្ព័ន្ធរបស់រុស្ស៉ី ក៏ដោយ៕