កូរ៉េខាងជើង បាញ់មីស៊ីលមួយគ្រាប់ និងបញ្ជូនយន្ដហោះចម្បាំងហោះ ក្បែរតំបន់ព្រំដែនកូរ៉េខាងត្បូង


 (សេអ៊ូល)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២ គឺ កូរ៉េខាងជើង នៅថ្ងៃសុក្រនេះបានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយ គ្រាប់ ធ្លាក់ចូលសមុទ្រនៃឆ្នេរភាគខាងកើតរបស់ខ្លួន ខណៈកូរ៉េខាងត្បូង ប្រកាសដាក់ទណ្ឌកម្មដ៏ កម្រមួយ ប្រឆាំងទីក្រុងព្យុងយ៉ាង។

បើតាមយោធាកូរ៉េខាងត្បូងកូរ៉េខាងជើងបានធ្វើតេស្ដមីស៊ីលខាងលើនៅម៉ោង១៖៤៩នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃសុក្រនេះ ដោយបាញ់ចេញពី តំបន់ស៊ូណាន (Sunan) ស្ថិតនៅក្បែររដ្ឋធានី ព្យុងយ៉ាង ដែលក្លាយជាគ្រាប់មីស៊ីលផ្លោងទី៤១ ត្រូវបានធ្វើតេស្ដដោយរបបដឹកនាំលោក គីម ជុងអ៊ុន ក្នុងឆ្នាំ២០២២នេះ។ បន្ថែមពីលើនេះ យន្ដហោះចម្បាំងកូរ៉េខាងត្បូង​ក៏បានហោះប្រដេញ យន្ដហោះចម្បាំងកូរ៉េខាងជើងប្រហែលជា១០គ្រឿងផងដែរ ដែលបានហោះមកក្បែរតំបន់ព្រំដែន ដែលខណ្ឌចែករវាងប្រទេសទាំង២ ហើយកូរ៉េខាងជើងថែមទាំងបានបាញ់កាំភ្លើងធំជាង ១៧០ គ្រាប់ទៀតផង នៅតំបន់ឆ្នេរភាគខាងកើតរបស់ខ្លួន។

គួរបញ្ជាក់ថា ការធ្វើតេស្ដមីស៊ីល និងសកម្មភាពយោធារបស់កូរ៉េខាងជើង កើតមានឡើងចំពេល កូរ៉េខាងត្បូងបានប្រកាសដាក់ទណ្ឌកម្មឯកតោភាគី ជាលើកដំបូងប្រឆាំងនឹងមន្ត្រីកូរ៉េខាងជើងចំនួន ១៥រូប និងស្ថាប័នចំនួន១៦ ដែលមានជាប់ពាក់ព័ន្ធនឹងកម្មវិធីអភិវឌ្ឍមីស៊ីល ក្នុងរយៈពេលជាង ៥ឆ្នាំមកនេះ៕