កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

 (សេអ៊ូល)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២ បានបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ថាលោក គីម ជុងអ៊ុន បានបញ្ជា និងត្រួតពិនិត្យដោយផ្ទាល់ ការបាញ់សាកល្បង មីស៊ីលគ្រូសយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយចំនួន ២គ្រាប់ ដែលសុទ្ធសឹងតែមានសមត្ថភាពពំាក្បាល គ្រាប់នុយក្លេអ៊ែរ។

បើតាម KCNA ការធ្វើតេស្ដខាងលើធ្វើឡើងកាលពីថ្ងៃពុធសប្ដាហ៍នេះ និងមានគោលដៅពង្រឹង សមត្ថភាពប្រយុទ្ធ ហើយមីស៊ីលគ្រូសទាំង២នេះត្រូវបាន ដាក់ពង្រាយរួចរាល់ហើយសម្រាប់ឱ្យកង ទ័ពប្រជាជនកូរ៉េប្រើប្រាស់ ក្នុងប្រតិបត្តិការនុយក្លេអ៊ែរតាក់ទិក។ KCNA បានឱ្យដឹងទៀតថាមីស៊ីល ទាំង២គ្រាប់ បានហោះក្នុងរយៈពេល ១០,២៣៤វិនាទី និងវាយប្រហារចំគោលដៅដែលបាន កំណត់នៅចម្ងាយ ២,០០០គីឡូម៉ែត្រ។

ចំណែកឯ ខាងសហរដ្ឋអាមេរិកមិនបានធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ តែក្រសួងការបរទេស អាមេរិកបានបញ្ជាក់ថាទីក្រុងវ៉ាស៊ីនតោននៅតែបន្តផ្ដោត លើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូ ដើម្បីទប់ស្កាត់ការគំរាមកំហែងនានាបង្កឡើងដោយកូរ៉េ ខាងជើង។

សូមបញ្ជាក់ថា​ កាលពីថ្ងៃចន្ទដើមស​ប្ដាហ៍កន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA ក៏បានរាយការណ៍ ដែរថាលោក គីម ជុងអ៊ុន បានដឹកនាំដោយផ្ទាល់ការធ្វើ សមយុទ្ធនុយក្លេអ៊ែរតាក់ទិក សំដៅពង្រឹង សមត្ថភាពវាយប្រហារលើកូរ៉េខាងត្បូងក្នុងករណីចាំបាច់ កាលពីជាង២សប្ដាហ៍មុន និងជាការតវ៉ា ជំទាស់ ទៅនឹងការធ្វើសមយុទ្ធយោធាជើងទឹករួមគ្នារវាងសហរដ្ឋអាមរិក និងកូរ៉េខាងត្បូង៕